(តូក្យូ)៖ រដ្ឋាភិបាលទីក្រុងតូក្យូបានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) នឹងជួបទ្វេភាគីជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈជំនួបរវាងមេដឹកនាំទាំងពីរ នឹងកើតឡើងស្របពេល ដែលភាពតានតឹងនៅតំបន់អាស៉ីបូព៌ា បានកើនឡើងជុំវិញបញ្ហាកោះតៃវ៉ាន់និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បច្ចុប្បន្នលោក ស៉ី ជិនពីង និងលោក ហ្វូមីអូ គីស៉ីដា កំពុងមានវត្តមាននៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី សម្រាប់កិច្ចប្រជុំកំពូល G20 ដែលនឹងបើកធ្វើរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា។ បន្ទាប់មកទៀត លោកមេដឹកនាំចិន ព្រមទាំងលោកមេដឹកនាំជប៉ុន នឹងបន្តដំណើរទៅកាន់ប្រទេសថៃ សម្រាប់កិច្ចប្រជុំកំពូល APEC ខណៈបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុន គឺជាទីដែល​លោក ស៉ី និងលោក គីស៉ីដា ត្រូវជួបពិភាក្សាទ្វេភាគី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា ចំណងទាក់ទងជប៉ុន-ចិន បានស្ថិតក្នុងភាពរកាំរកូសនឹងគ្នាជាយូរមកហើយ ដោយសារតែបញ្ហាវិវាទ ជុំវិញទីប្រជុំកោះតូចៗគ្មានមនុស្សរស់នៅ ដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងកើត ព្រមទាំងដោយសារតែកេរ្តិ៍តំណែល ដែលបន្សល់ទុកពីការឈ្លានពានសម័យសង្រ្គាមលោកលើកទី២ របស់ជប៉ុន ហើយនិងការប្រកួតប្រជែងនៅក្នុងតំបន់។

ក្នុងឆ្នាំនេះទំនាក់ទំនងប្រទេសទាំងពីរ បានកាន់តែធ្លាក់ចុះថែមទៀត ក្រោយចិនធ្វើសមយុទ្ធបាញ់មីស៉ីលធ្លាក់ចូលក្នុងដែនទឹក ក្បែរប្រទេសជប៉ុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ណានស៉ី ផេឡូស៉ី នៅកោះតៃវ៉ាន់ កាលពីដើមខែសីហា។ ពេលនោះទីក្រុងតូក្យូនិងសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោសសកម្មភាពរបស់ចិន។

គួរបញ្ជាក់ថា ទំនួបទល់មុខគ្នាផ្ទាល់លើកចុងក្រោយបង្អស់ រវាងមេដឹកនាំប្រទេសអាស៉ីជិតខាងគ្នាទាំងពីរ គឺត្រូវបានធ្វើឡើង កាលពីខែធ្នូ ឆ្នាំ២០១៩ នៅពេលលោក ស៉ី ជិនពីង បានជួបជាមួយលោក ស៉ីនហ្សូ អាបេ ដែលកាលនោះនៅជានាយករដ្ឋមន្រ្តីជប៉ុន ក្នុងទីក្រុងប៉េកាំង។ លោក ស៉ី ក៏បានគ្រោងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅជប៉ុន កាលពីឆ្នាំ២០២០ ផងដែរ ប៉ុន្តែគម្រោងនោះ ត្រូវបានពន្យារពេលដោយសារតែការរាតត្បាតនៃកូវីដ១៩៕