(វ៉ាស៉ីនតោន)៖ ករណីបាញ់ប្រហារមួយបានកើតមានឡើង កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុងបរិវេណនៃសាកលវិទ្យាល័យវើជីនៀ (University of Virginia) ដែលស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) របស់សហរដ្ឋអាមេរិក ហើយ​បានបណ្តាលឱ្យ មនុស្សយ៉ាងហោច៣នាក់ស្លាប់ និង២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្រាប់ខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារខាងលើ គឺមិនទាន់ត្រូវចាប់ខ្លួននៅឡើយទេ។ និស្សិតម្នាក់មានឈ្មោះថា គ្រីស្តូហ្វឺ ដាណែល ចូណេស (Christopher Darnell Jones) ត្រូវបានប៉ូលិសអាមេរិកកំណត់អត្តសញ្ញាណជាជនសង្ស័យ ខណៈទីភ្នាក់ងារជាច្រើន កំពុងរួមសហការគ្នាយ៉ាងសកម្ម ក្នុងប្រតិបត្តិការស្វែងរក។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ គឺជាករណីថ្មីចុងក្រោយគេ ក្នុងចំណោមរលកអំពើហិង្សាដោយកាំភ្លើង នៅតាមសាលារៀន ក៏ដូចជា​សាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សកម្មភាពបាញ់សម្លាប់មនុស្សទាំងអស់នោះ បានដុតបញ្ឆេះឡើងវិញនូវការជជែកដេញដោលមតិ ជុំវិញការរឹតត្បិតសិទ្ធិប្រើប្រាស់កាំភ្លើង នៅក្នុងប្រទេសមហាអំណាចមួយនេះ ជាទីដែលរដ្ឋធម្មនុញ្ញរបស់ប្រទេស កំណត់ឱ្យប្រជាជនទាំងអស់ សុទ្ធតែមានសិទ្ធិកាន់កាប់កាំភ្លើង៕