(បាលី, ឥណ្ឌូណេស៊ី)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃចន្ទនេះបានបញ្ចេញវីដេអូរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ដោយមើលទៅរូបលោកមានសុខភាពល្អធម្មតា និងកំពុងអង្គុយអានឯកសារ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក ឡាវរ៉ូវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយធ្វើដំណើរទៅដល់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TASS លោក ឡាវរ៉ូវ បាននិយាយដូច្នេះថា «ខ្ញុំកំពុងពិនិត្យមើលឯកសារ សម្រាប់កិច្ចប្រជុំកំពូលថ្ងៃស្អែក នៅឯសណ្ឋាគារ»

គួរបញ្ជាក់ថា ការចេញផ្សាយវីដេអូរបស់ក្រសួងការបរទេសរុស្ស៉ី ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថាលោក ឡាវរ៉ូវត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។

ទីភ្នាក់ងារសារព័ត៌មាន AP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីឥណ្ឌូណេស៊ី និងគ្រូពេទ្យចំនួន៣រូប ដែលអះអាងថាលោក ឡាវរ៉ូវ កំពុងទទួលការព្យាបាល នៅឯមន្ទីរពេទ្យមួយលើកោះបាលី។ បន្ថែមពីលើនេះ មន្ត្រី ២រូបក្នុងចំណោម៣រូបខាងលើ ក៏បានអះអាងផងដែរថាលោករដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាន និងកំពុងទទួលការព្យាបាលបញ្ហាបេះដូង។

ប៉ុន្តែ ភ្លាមៗអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបានច្រានចោលព័ត៌មានដែលថាលោក ឡាវរ៉ូវត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយចាត់ទុកថា​ជាព័ត៌មានក្លែងក្លាយ៕