(ប៉ារីស)៖ ចក្រភពអង់គ្លេស និងបារាំង នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានតម្លៃ ៧២.២លានអឺរ៉ូ ឬស្មើនឹង ៧៤.៥លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ដើម្បីពងឹ្រងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ ពីការធ្វើដំណើរដ៏គ្រោះថ្នាក់តាមច្រកសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រោយជំនួបជាមួយរដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) ក្នុងទីក្រុងប៉ារីស លោកស្រី ស៊ូអេឡា ប្រាវឺមែន (Suella Braverman) ដែលជារដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាមានផលប្រយោជន៍សម្រាប់រដ្ឋាភិបាលអង់គ្លេស និងបារំាំង ដើម្បីធ្វើការរួមគ្នាក្នុងការដោះសា្រយបញ្ហាដ៏ស្មុគស្មាញនេះ»។

លោកស្រី ប្រាវឺមែន បានបន្ថែមថា «ទោះជាមិនទាន់មានការដោះសា្រយភ្លាមៗ ប៉ុន្តែការរៀបចំថ្មីមួយនឹងមានន័យថា យើងអាចបង្កើនចំនួនកងរាជអាវុធហត្ថបារាំង ដែលយាមល្បាតនៅតាមឆ្នេរនានា នៅភាគខាងជើងប្រទេសបារាំង ហើយធានាថាមន្រ្តីអង់គ្លេស និងបារាំង កំពុងធ្វើការជាមួយគ្នា ដើម្បីបញ្ឈប់ការរត់ពន្ធមនុស្ស»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សជាង ៤០,០០០នាក់ បានឆ្លងកាត់សមុទ្រដោយទូកតូចៗ ដើម្បីចូលទៅកាន់ប្រទេសអង់គ្លេស ដែលកើនឡើងពីចំនួន ២៨,៥២៦នាក់ នៅឆ្នាំមុន។ កិច្ចព្រមព្រៀងថ្មីនេះនឹងជួបបង្កើនចំនួនមន្រ្តីដើរល្បាតតាមឆ្នេរសមុទ្របាំង ប្រមាណ៤០% បន្ថែម ពីលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕