(ភ្នំពេញ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃសៅរ៍នេះបានបង្ហាញក្ដីសង្ឃឹមចំពោះការធ្វើឱ្យដំណើរការឡើងវិញនូវ យន្ដការនៃទំនាក់ទំនងត្រីភាគីជាមួយចិន និងជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក យូន ធ្វើការកត់សម្គាល់បែបនេះ នៅឯកិច្ចប្រជុំកំពូលអាស៊ានបូក៣ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងមានការចូលរួមផងដែរពីមេដឹកនាំអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក លី ឃឺជាំង និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងត្បូង នឹងដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង ចិន និងជប៉ុន ក្នុងឆ្នាំ២០២២នេះ និងជាអ្នកសម្របសម្រួលតំណាង កូរ៉េខាងត្បូង​ ចិន និងជប៉ុន សម្រាប់អាស៊ានបូកបី...ហើយខ្ញុំសង្ឃឹមថាយន្ដការនៃកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងនោះរួមមានកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងដំណើរការឡើងវិញ»

គួរបញ្ជាក់ថា​ កូរ៉េខាងត្បូង ចិន និងជប៉ុន មិនបានរៀបចំកិច្ចប្រជុំត្រីភាគីអស់រយៈពេលជិត៣ឆ្នាំមកហើយ ដោយកិច្ចប្រជុំលើកចុងក្រោយបំផុតធ្វើឡើង នៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩៕