(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ចាត់វិធានការតាម ដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់កុំឱ្យរុស្ស៉ី «លេងល្បែងទុរភិក្ស» ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់ទីផ្សារសកល។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក គូលេបា ធ្វើឡើងនៅឯសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងភ្នំពេញ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ខណៈ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ក៏បានធ្វើដំណើរមកដល់កម្ពុជាហើយដែរ។ ប៉ុន្តែ មិនមានការរំពឹងណាមួយថាលោក គូលេបា និងលោក ឡាវរ៉ូវ ត្រូវជួប មុខគ្នានោះទេ ហើយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះក៏បានលើកឡើងដែរថារុស្ស៉ីត្រូវតែត្រឡប់មករកកិច្ចចរចាប្រកបដោយសុឆន្ទៈ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពអ៊ុយក្រែនបានចូលទៅដល់ជាយទីក្រុងខឺសុនហើយ និងកំពុងត្រៀមចូលក្នុង ទីក្រុងមួយនេះ ស្របពេលកងកម្លាំងពិសេសអ៊ុយក្រែនបានចូលទៅក្នុងទីក្រុងខឺសុន រួចទៅហើយ។ រីឯសហរដ្ឋអាមេរិកក៏បានបង្ហាញការសាទរដល់ជ័យជម្នះ ដ៏ធំរបស់អ៊ុយក្រែនផងដែរ៕