(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររែស (Antonio Guterres) នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះបានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ព្រោះវាជាមធ្យបាយតែមួយគត់ដើម្បីបិទបញ្ចប់ភាពចលាចលនៅក្នុងប្រទេសសព្វថ្ងៃ។

មីយ៉ាន់ម៉ា​ បានធ្លាក់ចូលក្នុងភាពលាចលា និងអំពើហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំងពីយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អោងឡាំង ធ្វើរដ្ឋប្រហារបណ្ដេញ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១មក។

ការថ្លែងរបស់ប្រមុខ UN ធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ប្រមុខ UN លោក ហ្គូទែររែស បានសង្កត់ធ្ងន់ដូច្នេះថា «ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រៀបដូចជាសុបិនអាក្រក់មួយគ្មានទីបញ្ចប់ សម្រាប់ប្រជាជន និងជាការគំរាមកំហែងមួយដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល»

លោក បន្ថែមថា «ខ្ញុំជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ស្ដាប់ប្រជាជនរបស់ខ្លួនឯង ដោះលែងអ្នកទោសនយោបាយ និងស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដ្បិតនេះជា មធ្យោបាយតែមួយគត់ដើម្បីស្ថិរភាព និងសន្តិភាព»