(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងព្រមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅឯកិច្ចប្រជុំកំពូលមួយ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះថាការបន្ត ការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង នឹងជំរុញឱ្យសហរដ្ឋអាមេរិកកាន់តែបង្កើន និងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភថា កូរ៉េខាងជើងមានផែនការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ក្នុងពេលអនាគតដ៏ខ្លី តែជឿថាចិន និងរុស្ស៉ីមានលទ្ធភាពបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើងធ្វើដូច្នេះ។ បើតាមសេតវិមាន លោក ចូ បៃដិន នឹងត្រូវជួបជាមួយលោក ស៊ី ជិនពីង នៅឯកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលនឹងក្លាយជាជំនួបទល់មុខលើកដំបូងបំផុតចាប់តាំងពីលោក បៃដិន ឡើងកាន់ តំណែងជាប្រធានាធិបតីចាប់តាំងពីដើមឆ្នាំ២០២១មក។

ថ្លែងប្រាប់សារព័ត៌មាននៅលើយន្ដហោះ Air Force One នៅថ្ងៃសៅរ៍នេះ ក្នុងពេលអមដំណើរលោកប្រធានាធិបតី ចូ បៃដិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ បាននិយាយថាកូរ៉េខាងជើង មិនមែនត្រឹមតែបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា កូរ៉េខាងត្បូង និងជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងផងដែរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ លោក ស៊ូលីវ៉ាន់ បាន បន្ថែមដូច្នេះថា «ប្រសិនបើកូរ៉េខាងជើង នៅតែបន្តដើរនៅលើផ្លូវដូចសព្វថ្ងៃ នោះវានឹងមានតែជំរុញឱ្យសហរដ្ឋអាមេរិក ពង្រឹង និងបង្កើនវត្តមានយោធានៅក្នុង តំបន់»

គួរបញ្ជាក់ថា មួយថ្ងៃមុននឹងត្រូវជួបជាមួយលោក ស៊ី ជិនពីង នៅឥណ្ឌូណេស៊ីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ លោក ចូ បៃដិន ក៏នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅកម្ពុជាផងដែរនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីជជែកគ្នាពីបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង៕