(ភ្នំពេញ)៖ សេតវិមាន ថ្ងៃសៅរ៍នេះបានសម្ដែងការសាទរចំពោះអ្វីដែលខ្លួនបានហៅថាជាជ័យជម្នះដ៏អស្ចារ្យសម្រាប់អ៊ុយក្រែន នៅក្នុងការវាយដណ្ដើមយកទីក្រុង ខឺសុន (Kherson) ពីកងទ័ពរុស្ស៉ីមកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងពេល អមដំណើរលោកប្រធានាធិបតី ចូ បៃដិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជា។ លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «វាមើលទៅជាការពិត ដែលអ៊ុយក្រែនទើបតែទទួលបានជ័យជម្នះដ៏អស្ចារ្យ ដែលរដ្ឋធានីនៃតំបន់មួយដែលត្រូវបានរុស្ស៉ីដណ្ដើមយកនៅក្នុងសង្រ្គាមនេះ បានស្ថិតនៅក្រោមការគ្រប់គ្រង របស់អ៊ុយក្រែនវិញ។ នេះគឺជារឿងមួយដ៏អស្ចារ្យ»

ដោយឡែក នៅពេលត្រូវបានសាកសួរជុំវិញរបាយការណ៍ដែលថារដ្ឋបាលលោក ចូ បៃដិន ចាប់ផ្ដើមដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ្សេលេនស្គី ឱ្យបើកចំហ កិច្ចចរចាជាមួយរុស្ស៉ី លោក ស៊ូលីវ៉ាន់ បាននិយាយថាក្នុងរឿងនេះគឺរុស្ស៉ីទៅវិញទេដែលត្រូវសម្រេចចិត្តថាតើត្រូវត្រឡប់ចូលតុចរចា ឬក៏យ៉ាងណា៕