(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកងកម្លាំងពិសេសអ៊ុយក្រែន បានចូលទៅក្នុងទីក្រុងខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេសហើយ បន្ទាប់ពីការដកថយរបស់កងទ័ពរុស្ស៉ី និងបានចាត់ទុកថាជាថ្ងៃប្រវត្តិសាស្ត្រមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រជាជននៅក្នុងទីក្រុងខឺសុន បានចេញមកឈរនៅតាមដងផ្លូវ ដើម្បីអបអរវត្តមានកងទ័ពអ៊ុយក្រែន ក្រោយរុស្ស៉ីបោះបង់ចោលទីក្រុងមួយនេះ ដែលជារដ្ឋធានី នៃតំបន់ខឺសុន និងជាទីដែលលោក ពូទីនបានប្រកាសបញ្ចូលជាឧបសម្ព័ន្ធរុស្ស៉ី។ ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ។ យើងកំពុងយកតំបន់ភាគខាងត្បូងប្រទេសមកវិញ។ យើងកំពុងយកទីក្រុងខឺសុន មកវិញ»

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី គិតមកទល់នឹងពេលនេះ កងទ័ពអ៊ុយក្រែនបានចូលទៅដល់ជាយទីក្រុងខឺសុនហើយ និងកំពុងត្រៀមចូលក្នុង ទីក្រុងមួយនេះ ខណៈកងកម្លាំងពិសេសអ៊ុយក្រែនបានចូលទៅក្នុងទីក្រុងខឺសុន រួចទៅហើយ៕