(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានអនុវត្តគោលនយោបាយអស្ថិរភាព ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ជុំវិញករណីស្លាប់របស់កញ្ញា Massa Amini។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ​​AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា​ ឆ្នាំ២០២២។

​គួរបញ្ជាក់ថា រលកបាតុកម្ម​ បង្កជាភាពចលាចលកក្រើកប្រទេសអ៊ីរ៉ង់ ចាប់តាំងពីកញ្ញាអាយុ ២២ឆ្នាំដែលជាជនជាតិអ៊ីរ៉ង់ដើមកំ​ណើតជនជាតិឃឺដ បានស្លាប់កាលពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីនាងត្រូវបានចាប់ខ្លួន ដោយប៉ូលីសសីលធម៌នៅទីក្រុង Tehran ពីបទរំលោភលើក្រមសីលធម៌ការស្លៀកបំពាក់ដ៏តឹងរឹងរបស់ប្រទេស។

អំពើហឹង្សាតាមដងផ្លូវ បាននាំឱ្យមានការស្លាប់រាប់សិបនាក់ ដែលភាគច្រើនជាអ្នកតវ៉ា ប៉ុន្តែក៏មានសមាជិកនៃកងកម្លាំងសន្តិសុខផងដែរ។ មនុស្សរាប់រយនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕