(ប៉េកាំង)៖ ជំនួយអាវុធជាច្រើន ត្រូវអង្គការណាតូបានសម្រេចបញ្ជូនទៅឱ្យអ៊ុយក្រែនគ្រាដែលរុស្ស៊ី បានបង្កើនការវាយប្រហារខ្លាំងក្នុងសប្តាហ៍នេះ។ ការសម្រេចផ្តល់ជំនួយយោធាដ៏សន្ធឹកសន្ធាប់ថែមទៀតឱ្យអ៊ុយក្រែននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ រវាងពី ថ្ងៃពុធទី១២ ដល់១៣ តុលា ឆ្នាំ២០២២ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្សិក ដែលជាកិច្ចប្រជុំបន្ទាន់មួយខណៈដែលរុស្ស៊ីធ្វើការបាញ់មីស៊ីល ស្រោចដូចគ្រាប់ភ្លៀង និងការប្រើដ្រូនវាយប្រហារតាមផ្លូវអាកាសចាប់ផ្តើមតាំងពីដើមសប្តាហ៍នេះមក។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនេះ ត្រូវគេរាយការណ៍ថា មិនមែនត្រឹមតែដើម្បីការជួយអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពង្រឹង កិច្ចការពារជាតិដោយផ្ទាល់ខ្លួនផងដែរ ទន្ទឹមនឹងក្តីបារម្ភខ្លាចក្រែងរុស្ស៊ីនឹងអាចធ្វើការគិតខុសណាមួយ ដោយការចុចប៊ូតុងនុយក្លេអ៊ែរបង្កសង្គ្រាម កាន់តែរាលដាលក្នុងពិភពលោក។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងចាត់ទុកកិច្ចប្រជុំ២ថ្ងៃនេះ គឺជា «ពេលវេលា ដ៏សំខាន់សម្រាប់សន្តិសុខរបស់អង្គការណាតូ»

ជំនួបរបស់រដ្ឋមន្ត្រីអង្គការណាតូ បានធ្វើឡើងទន្ទឹមនឹងសកម្មភាពរបស់រុស្ស៊ីពាក់ព័ន្ធលើការចល័តនៃផ្នែកកងទ័ព, ការដាក់បញ្ចូលទឹកដីអ៊ុយក្រែន ជាទឹកដីរណប, ការវាយប្រហារដោយមីស៊ីលដូចគ្រាប់ភ្លៀងបាញ់ដាក់លើបណ្តាទីក្រុងអ៊ុយក្រែន និងសម្តីគំរាមកំហែងលើការប្រើប្រាស់នុយក្លេអ៊ែរ ដែលព្រឹត្តិការណ៍ទាំងនេះ គឺជាបណ្តាចំណុចត្រូវបានលើកឡើងពិភាក្សា ក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ។
មន្ត្រីណាតូថ្លែងថាកិច្ចប្រជុំបានផ្តោតនូវរបៀបត្រូវបង្កើននិងទ្រទ្រង់ការគាំទ្រសម្រាប់អ៊ុយក្រែន, ការបន្តពង្រឹងកិច្ចការពារសម្ព័ន្ធមិត្ត ក្នុងនោះរួមទាំង ដោយការបំពេញបន្ថែមឃ្លាំងស្តុក និងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស៊ី រ៉េស្នីកូវ (Oleksii Reznikov) បានចូលរួមបានចូលរួមនៅក្នុងកិច្ចប្រជុំមួយនៃក្រុមទំនាក់ទំនងដែលដឹកនាំដោយសហរដ្ឋអាមេរិក, និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានធ្វើបច្ចុប្បន្នភាពប្រាប់បណ្តារដ្ឋមន្ត្រីណាតូទាំងអស់នូវអ្វី ដែលជាតម្រូវការបន្ទាន់របស់អ៊ុយក្រែនចំពោះមុខ និងការឈានចូលក្នុងរដូវរងារ។

កិច្ចប្រជុំនៅថ្ងៃដំបូងបានដាក់ចេញលើការសម្រេចមួយចំនួន ដោយតម្រូវផ្តល់ប្រព័ន្ធអាវុធការពារផ្លូវអាកាសដល់អ៊ុយក្រែន។ តាមពិតអ៊ុយក្រែនគឺមួយ ថ្ងៃក្រោយមានការបាច់ស្រោចដូចគ្រាប់ភ្លៀងនៃអាវុធមីស៊ីលរុស្ស៊ី ដាក់លើបណ្តាទីក្រុងរបស់អ៊ុយក្រែនដែលបណ្តាលឱ្យមានមនុស្សស្លាប់១៩នាក់ នោះរួចមកប្រព័ន្ធអាវុធការពារផ្លូវអាកាស Iris Tair defense systems របស់ប្រទេសអាល្លឺម៉ង់មួយគ្រឿងក្នុងចំណោមបួនគ្រឿង ត្រូវបានបញ្ជូន ទៅឱ្យរដ្ឋាភិបាលក្រុងកៀវ ខណៈដែលសហរដ្ឋអាមេរិកបានសន្យាថានឹងជម្រុញឱ្យលឿននូវប្រព័ន្ធការពារផ្លូវអាកាស Nasam របស់ខ្លួនមក ឱ្យអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងថា លោកសូមស្វាគមន៍ដែលថាប្រទេសនៃអង្គការណាតូ បានផ្តល់នូវប្រព័ន្ធអាវុធ ការពារផ្លូវអាកាសដល់អ៊ុយក្រែន ដែលលោកថាវាជាផ្នែកសំខាន់ខ្លាំងណាស់។ លោកបានថ្លែងស្វាគមន៍ផងដែរចំពោះការប្រកាសរបស់ប្រទេស អាល្លឺម៉ង់ និងការប្រគល់នូវប្រព័ន្ធអាវុធការពារផ្លូវអាកាសនេះថែមទៀត ដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រព័ន្ធអាវុធ ការពារផ្លូវអាកាសនេះផងដែរ។ សហរដ្ឋអាមេរិក បានថ្លែងថាគេនឹងផ្តល់នូវប្រព័ន្ធអាវុធការពារផ្លូវអាកាសដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់ ដើម្បីការពារសេតវិមាន ដែលអាវុធប្រភេទនោះមានឈ្មោះហៅថា Nasams National Advanced Surface-to-air Missile System។

សហរដ្ឋអាមេរិកបានសន្យាផ្តល់អាវុធនេះដល់អ៊ុយក្រែនចំនួន៨គ្រឿង ក្នុងនោះ២គ្រឿងដំបូងនឹងដឹកទៅដល់អ៊ុយក្រែននាច្រើនថ្ងៃខាងមុខនេះ។
ប្រទេសដែលសន្យាជួយផ្តល់ប្រព័ន្ធការពារអាកាស និងជំនួយយោធាដល់អ៊ុយក្រែននាពេលនេះផងទៀត រួមមានចក្រភពអង់គ្លេស កាណាដា បារាំង និងហូឡង់ផងដែរ។ ចក្រភពអង់គ្លេសបានបញ្ជាក់ថាជាមួយនឹងការផ្តល់ប្រព័ន្ធអាវុធការពារអាកាស, គេនឹងផ្តល់ដ្រូនជាច្រើនរយថែមទៀតដើម្បី ជួយគាំទ្រដល់ការប្រមូលព័ត៌មាន និងសមត្ថភាពដឹកជញ្ជូនរបស់ទាហានអ៊ុយក្រែន។

ប្រទេសអង់គ្លេសនៅបានសន្យាផ្តល់កាំភ្លើងធំ howitzer ចំនួន ១៨ដើមបន្ថែមពីលើ ចំនួន៦៤ ដែលត្រូវបានប្រគល់រួចមកហើយកន្លងមកនេះ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានថ្លែងថា «អាវុធទាំងនេះនឹងជួយអ៊ុយក្រែនក្នុងការការពារផ្ទៃមេឃរបស់ខ្លួនឱ្យរួចពី ការវាយប្រហាររបស់រុស្ស៊ី និងជួយពង្រឹងកិច្ចការពារមីស៊ីលទាំងអស់ថែមទៀត»។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងកិច្ចប្រជុំរបស់ រដ្ឋមន្ត្រីអង្គការណាតូ បានបញ្ជាក់ថា គេ «នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីភាពប្រាកដប្រជាថាអ៊ុយក្រែន បានទទួលនូវអ្វីដែលខ្លួនត្រូវការ និងអាវុធទាំងនោះជាអាវុធមានប្រសិទ្ធភាពថែមទៀត»

ពីប្រទេសបារាំងនោះវិញ, ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយថារដ្ឋាភិបាលក្រុងប៉ារីស នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ លោក ម៉ាក្រុង ក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍បារាំង France 2 មិនបានបញ្ជាក់នូវឈ្មោះ ប្រព័ន្ធអាវុធដែលនឹងត្រូវបញ្ជូនទៅនោះទេ ប៉ុន្តែលោកថាប្រព័ន្ធអាវុធការពារដែនអាកាសដែលបារាំងបញ្ជួននោះ គឺមុខងារចម្បងរបស់វា គឺការពារប្រជាជនប្រឆាំងនឹងការវាយប្រហារពីយន្តហោះដ្រូន។

ចំពោះប្រទេសហូឡង់នោះវិញ, រដ្ឋាភិបាលក្រុង Amsterdam បាននិយាយថា គេនឹងផ្តល់ថវិកា ១៥លានអឺរ៉ូ នៃតម្លៃទិញកាំជ្រួចការពារដែនអាកាស។
រីឯប្រទេសកាណាដា, ប្រទេសនេះបានសន្យាផ្តល់ជំនួយយោធា ៣១លានអឺរ៉ូ ដែលនឹងរួមមានសម្ភារៈធ្វើទំនាក់ទំនងផ្កាយរណប និងកាមេរ៉ាដ្រូន បន្ថែមទៀត។ ដើម្បីការជួយបង្វឹកបង្កើនសមត្ថភាពទាហានអ៊ុយក្រែន, ប្រទេសកាណាដា បានថ្លែងថាគេ មានគម្រោងបញ្ជួនអ្នកជំនាញវិស្វករ ប្រយុទ្ធកាណាដា ចំនួន៤០នាក់ ទៅប្រទេសប៉ូឡូញ ដើម្បីធ្វើការបង្វឹកដល់ទាហានអ៊ុយក្រែន។ កងកម្លាំងប្រដាប់អាវុធកាណាដាគឺជាក្រុមដែលមាន ប្រវត្តិធ្លាប់បង្វឹកទាហានអ៊ុយក្រែនប្រមាណជាង៣ម៉ឺន៣ពាន់នាក់រួចមកហើយចាប់តាំងពីឆ្នាំ២០១៥នោះមក។ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី
Anita Anand បានថ្លែងថា ថ្ងៃនេះលោកស្រីសូមប្រកាសថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ, ប្រទេសកាណាដានឹងដាក់ពង្រាយវិស្វករ ប្រយុទ្ធរបស់កាណាដា ចំនួន៤០នាក់ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយកងកម្លាំងប៉ូឡូញ នៅក្នុងការបង្វឹកក្រុមប្រយុទ្ធអ៊ុយក្រែនលើផ្នែកស៊ើបអង្កេត តាមដាន គ្រឿងវិស្វកម្ម, គ្រឿងផ្ទុះ, ការដាក់គ្រាប់បំផ្ទុះនិងការដោះគ្រាប់បំផ្ទុះ។

ក្រៅពីប្រទេសកាណាដា, ប្រទេសអូស្ត្រាលីក៏បានថ្លែងពិចារណាលើការជួយបង្វឹកទាហានអ៊ុយក្រែនផងដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី វេលាថ្មីៗកន្លងមកនេះ បានធ្វើការជជែកគ្នាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និងបានផ្តល់នូវការគាំទ្រពេញលេញរបស់លោក ប្រឆាំងប្រទេសរុស្ស៊ី។ ការជួយបង្វឹកដល់ទាហានអ៊ុយក្រែនទាំងនោះ ត្រូវគេរាយការណ៍ថានឹងមិនធ្វើនៅលើទឹកដីអ៊ុយក្រែនឡើយ ប៉ុន្តែនឹងស្ថិតនៅ ខាងក្រៅនៃទឹកដីអឺរ៉ុប។ កាលបរិច្ឆេទ្ធនៃការជួយបង្វឹកទាហានអ៊ុយក្រែនទាំងនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

សេចក្តីសម្រេចចិត្តរបស់អង្គការណាតូដែលប្តេជ្ញាបន្តជួយប្រទេសអ៊ុយក្រែន បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រទេស G7 Group of 7 ដែលបានចេញសេចក្តីថ្លែងការណ៍ក្នុងសប្តាហ៍នេះបញ្ជាក់នូវជំហរដូចគ្នា។ ចំណុចទី៩នៃសេចក្តីថ្លែងការណ៍ ប្រទេស G7 បានប្តេជ្ញាបន្តការជួយ អ៊ុយក្រែនដើម្បីរក្សា ដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់គេតាមរយៈ ការផ្តល់ជំនួយហិរញ្ញវត្ថុ, ជំនួយយោធា, មនុស្សធម៌, ការទូត និងផ្លូវច្បាប់ និងការប្តេជ្ញាឈរ ជាមួយអ៊ុយក្រែនជារៀងដរាប និងជួយបំពេញអ៊ុយក្រែនក្នុងការបំពេញតម្រូវ ការទាំងអស់ រួមទាំងការត្រៀមសម្រាប់រដូវរងាឈាន ចូលមកដល់នេះថែមទៀត។

ប្រទេស G7 បានចោទថារុស្ស៊ីបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេស G7 ថ្លែងទៀតថារុស្ស៊ីគ្មានមូលដ្ឋាន ស្របច្បាប់ណាមួយដែលចង់ធ្វើការផ្លាស់ប្តូរព្រំដែនប្រទេសអ៊ុយក្រែននោះឡើយ។ ប្រទេស G7 នៅបានព្រមានរុស្ស៊ីប្រឆាំងការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរ។ ប្រទេស G7 និយាយថារុស្ស៊ីខ្លួនឯង នោះនឹងត្រូវប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរបើសិនជា ហ៊ានប្រើនូវអាវុធប្រល័យលោកនេះ។

គិតមកទល់នឹងថ្ងៃទី១៣ តុលា ឆ្នាំ២០២២នេះ, សង្គ្រាមក្នុងអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៣១ហើយ, សង្គ្រាមកាន់តែឆាបឆេះវក់វី, រុស្ស៊ីបាន បាញ់មីស៊ីលស្រោចដូចភ្លៀងដាក់មកលើបណ្តាទីក្រុងអ៊ុយក្រែនក្រោមកំហឹងសងសឹកដែលចោទថាអ៊ុយក្រែន បានបំផ្ទុះស្ពានឆ្លងកាត់តំបន់គ្រីមៀរ, ចំណែកកងកម្លាំងអ៊ុយក្រែននៅតែបន្តបើកការវាយសម្រុករំដោះទឹកដី ភាគខាងកើតនិងភាគខាងត្បូងដែលរុស្ស៊ីបានចូលកាន់កាប់ និងកាត់យកធ្វើជា តំបន់រណប ខណៈដែលប្រទេសនៃក្រុមបក្ខសម្ព័ន្ធណាតូ, ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក បានបន្តធ្វើជាឆ្អឺងខ្នងរបស់អ៊ុយក្រែនដើម្បី ប្រយុទ្ធស្លាប់រស់ប្រឆាំងនឹងរុស្ស៊ីនៅលើសមរភូមិ។ លទ្ធភាពនៃការចរចាបញ្ចប់សង្គ្រាមនៅមិនទាន់មាននៅឡើយទេ៕