(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូត្រៀមជាស្រេច ដើម្បីបន្តការផ្គត់ផ្គង់ឧស្ម័នឡើងវិញ ទៅកាន់សហភាពអឺរ៉ុប គឺតាមរយៈបំពង់ឧស្ម័ន Nord Stream 2 ដែលភ្ជាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិច ប៉ុន្តែសំណើរបស់លោក ត្រូវបានទីក្រុងបែរឡាំងចេញមុខទាត់ចោលភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

កំលុងវេទិកាវិស័យថាមពលទីក្រុងមូស្គូ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន បាននិយាយថា ប្រសិនបើការត្រួតពិនិត្យបញ្ជាក់ថា Nord Stream 2 អាចធ្វើប្រតិបត្តិការបានដោយសុវត្ថិភាព គឺរុស្ស៉ីត្រៀមជាស្រេចដើម្បីប្រើប្រាស់បំពង់ឧស្ម័ននេះ ក្នុងការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប ដោយលោកបន្ថែមថា សមត្ថភាពផ្គត់ផ្គង់របស់វា គឺ២៧ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ។ កាលពីខែកញ្ញា ការលេចធ្លាយមួយចំនួន ដែលបានកើតឡើងចំពោះបំពង់ឧស្ម័ន Nord Stream 2 និង Nord Stream 1។

ក្រុមមន្រ្តីនៃប្រទេសលោកខាងលិច បានភ្ជាប់ឧប្បត្តិហេតុទាំងនោះ ទៅនឹងសកម្មភាពបំផ្ទុះបំផ្លិចបំផ្លាញដោយចេតនា ប៉ុន្តែមិនបាន​ចោទប្រកាន់ចំៗ លើភាគីណាមួយឡើយ ខណៈការស៉ើបអង្កេតដោយអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត កំពុងបន្តប្រព្រឹត្តទៅ។ យ៉ាងណាក្តី កំលុងវេទិកាខាងលើ លោក ពូទីន បានចោទប្រកាន់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយខ្នង នៃ​ហេតុការណ៍ផ្ទុះបំពង់ឧស្ម័ន Nord Stream ទាំងនេះ។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីរុស្ស៉ី ក៏បានលើកឡើងពី គំនិតនៃការបង្កើតច្រកផ្គត់ផ្គង់ឧស្ម័នថ្មីទៅកាន់អឺរ៉ុប តាមប្រទេសតួកគីផងដែរ។

គួរបញ្ជាក់ថា ក្រោយការសំណើរបស់លោក ពូទីន រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានចេញមុខច្រានចោលវាភ្លាមៗ ដោយហៅរុស្ស៉ីថា ជាដៃគូផ្គត់ផ្គង់ដែលលែងគួរឱ្យទុកចិត្តបានតទៀតហើយ។ បំពង់ឧស្ម័ន Nord Stream 2 គឺមិនធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីបញ្ជូន​ឧស្ម័នទៅកាន់ អឺរ៉ុបសោះតែម្តង ដោយសារអាល្លឺម៉ង់ បានសម្រេចមិនអនុញ្ញាតឱ្យវាចាប់ដំណើរការ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេល រុស្ស៉ីចាប់ផ្តើមការឈ្លានពានលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ៕