(ព្រុចសែល)៖ អង្គការណាតូ (NATO) ត្រូវគេអះអាងថា នឹងប្រកាសពីផែនការមួយ ដែលមានគោលដៅកសាង ឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ក្នុងរយៈពេល១០ឆ្នាំ ក្រោមក្តីសង្ឃឹមថា នឹងអាចជួយជំនួសពីការប្រើប្រាស់ សព្វាវុធដែលសល់ពីសម័យសូវៀត មករកសព្វាវុធរបស់ក្រុមលោកខាងលិចសុទ្ធតែម្តងវិញ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ NATO បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា ក្រុមមន្រ្តីរបស់បក្សសម្ព័ន្ធយោធាមួយនេះ និងអ៊ុយក្រែនគ្រោងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពី «ការប្តេជ្ញាចិត្តរយៈពេលវែង» ដើម្បីធ្វើឲ្យឧស្សហកម្មយោធាអ៊ុយក្រែន មានសក្តានុពលឡើង បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនខែជាមួយរុស្ស៊ី។ ទោះបីជាមន្រ្តីណាតូបានផ្តល់ព័ត៌មានលម្អិតតិចតួច អំពីកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនេះក៏ដោយ ប៉ុន្តែពួកគេបាននិយាយថា វានឹងផ្តោតលើតម្រូវការរយៈពេលវែងរបស់អ៊ុយក្រែន ហើយទំនងជាពាក់ព័ន្ធនឹងដៃគូអន្តរជាតិមួយចំនួន។

មន្រ្តី NATO ខាងលើបាននិយាយដូច្នេះថា «ពួកយើងនឹងសម្លឹងមើលតម្រូវការ នៃការរៀបចំផែនការវិស័យការពារជាតិ ដើម្បីជួយឱ្យយោធាអ៊ុយក្រែន អាចធ្វើប្រតិបត្តិការស្របគ្នាយ៉ាងពេញលេញតែម្តងជាមួយនឹង NATO។ វានឹងផ្តោតសំខាន់លើ ការឈប់ប្រើប្រាស់បរិក្ខារនិងសព្វាវុធសល់ពីសម័យសូវៀត ហើយងាកទៅរកសម្ភារៈរបស់លោកខាងលិច ដែលត្រូវជាមួយ NATO»។ បើតាមមន្រ្តីដដែល គំនិតផ្តួចផ្តើមនេះ គឺដាច់ដោយឡែកពីគម្រោងមួយផ្សេងទៀតរបស់ណាតូ ដែលត្រូវបានពិភាក្សាគ្នា កាលពីដើមខែនេះ ដោយវាក៏នឹងស្វែងរកការពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលបង្កើតឡើងដោយក្រុមប្រទេសលោកខាងលិច បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបន្តការគាំទ្រផ្នែកយោធា ដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន អាឡិចស៉ី រ៉េសនីកូវ (Alexey Reznikov) បញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសគឺជា «អាទិភាពកំពូល» របស់ប្រទេសលោក៕