(ប៉េកាំង)៖ ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុងបែរឡាំង ដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ការរក្សាការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសចិនបានក្លាយជាប្រធានបទក្តៅគគុក។ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ជាក់ម្តងទៀតថា នឹងគាំទ្រចំពោះការធ្វើសកលភាវូបនីយកម្មដោយបានលើកឡើងថា «ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន» គឺជាចម្លើយខុសឆ្គងទាំងស្រុង ហើយបានសង្កត់ធ្ងន់ថា គួរ"ធ្វើជំនួញ"ជាមួយប្រទេសជាច្រើន ដែលបូករួមទាំងប្រទេសចិនផងដែរ ។

ក្នុងបរិបទដែលប្រទេសមួយចំនួនឃោសនាបំប៉ោងពី «ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន» និងហានិភ័យថមថយចុះនៃសេដ្ឋកិច្ចពិភពលោក មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ សំឡេងប្រកបដោយវិចារណញ្ញាណរបស់ មន្ត្រីអឺរ៉ុបទាំងនេះគឺគួរឱ្យមជ្ឈដ្ឋានខាងក្រៅស្តាប់ឱ្យម៉ត់ចត់។ អាចឃើញបានថា មូលហេតុដែល «ការធ្វើជំនួញជាមួយប្រទេសចិន» បានក្លាយជាជម្រើសរបស់សហគ្រាស នៃប្រទេសកាន់តែច្រើនឡើងៗ ពោលគឺ ឋានៈរបស់ប្រទេសចិនដែលត្រូវគេប្រៀបប្រដូចជា «ទីផ្សារពិភពលោក» និងជា «រោងចក្រពិភពលោក» ជាកត្តាដ៏សំខាន់ទាំងពីរ។

ប្រការនេះមិនត្រឹមតែបានកែលម្អជីវភាពរស់នៅ របស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើន ដល់បណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។ មិនដល់មួយខែទៀត ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ជិតនឹងប្រារព្ធឡើង។ ដល់ពេលនោះ នឹងមានសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសធំ និងសំខាន់ចំនួនជាង ២៨០ សហគ្រាសនឹងចូលរួមពិព័រណ៍លើកនេះ ដែល «អត្រាចូលរួមម្តងទៀត» នៃសហគ្រាសទាំងនេះ គឺដល់ទៅជិត ៩០ភាគរយ។ តាមការប៉ាន់ប្រមាណ ផលិតផលប្រកបដោយគុណភាពខ្ពស់ មកពីប្រទេសកាន់តែច្រើនឡើងៗ នឹងដាក់លក់ក្នុងទីផ្សារចិន ក្នុងន័យសម្រេចបាននូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

យោងតាម «សន្ទស្សន៍នវានុវត្តន៍សកល» ដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចេញផ្សាយឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនក្នុងវិស័យច្នៃប្រឌិតថ្មី លើទូទាំងពិភពលោកបានកើនឡើងពី លេខរៀងទី ៣៤ កាលពីឆ្នាំ២០១២ ដល់លេខរៀងទី១២ នៅឆ្នាំ២០២១ នេះគឺមានន័យថា ការអភិវឌ្ឍឧស្សាហកម្មទទួលបានកម្លាំងជំរុញ ខាងបច្ចេកវិទ្យាកាន់តែច្រើន ហើយខ្សែសង្វាក់ឧស្សាហកម្ម ក៏មានឧត្តមភាពកាន់តែលេចធ្លោផងដែរ។

ចាប់តាំងពីឆ្នាំ២០២០ មក ប្រទេសចិនបាននិងកំពុងរក្សាឋានៈ ជាដៃគូពាណិជ្ជកម្មធំទី១ របស់សហភាពអឺរ៉ុបក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូល រវាងចិននិងសហភាពអឺរ៉ុបបានវាយទម្លុះ ៨០០ពាន់លានដុល្លារអាមេរិកជាលើកដំបូង តួលេខនេះបានបញ្ជាក់យ៉ាងពេញលេញ ពីប្រការទាំងអស់នេះ៖ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងសហភាពអឺរ៉ុបបាននិងកំពុងផ្តល់ ជំនួយជាវិជ្ជមានដល់ការអភិវឌ្ឍនៃភាគីទាំងពីរ ហើយនិន្នាការនៃការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះបែបនេះ គួរតែរក្សាក្នុងរយៈពេលយូរ។

សូមបញ្ជាក់ថា ប្រទេសចិនកំពុងផ្តល់នូវ «ភាពប្រាកដប្រជា» ដ៏កម្រមានសម្រាប់ពិភពលោក។ បើមើលពីចក្ខុវិស័យវែងឆ្ងាយអាចឃើញថា អនាគតអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ចិនគឺមានភាពប្រាកដប្រជា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកំណែទម្រង់និងបើកទូលាយ គឺមានភាពប្រាកដប្រជា ហើយអាកប្បកិរិយារបស់ចិន ក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា ក៏មានភាពប្រាកដប្រជាផងដែរ។

«ការស្វែងរកផលប្រយោជន៍ គឺគួរស្វែងរកផលប្រយោជន៍ជាមួយគ្នា»។ ប្រទេសចិនកំពុងអបអរស្វាគមន៍ភ្ញៀវ ដែលមកពីគ្រប់ទីកន្លែងនៅលើពិភពលោក តាមរយៈការបន្តពង្រីកការបើកទូលាយ និងបរិយាកាសប្រកបអាជីវកម្ម ដែលត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយក៏កំពុងទទួលការយកចិត្តទុកដាក់ ពីសំណាក់ពិភពលោកទាំងមូលតាមរយៈទស្សនៈ ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក្នុងន័យផ្តល់កម្លាំងចលកររបស់ចិន ដែលមិនចេះចប់មិនចេះហើយដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក៕