(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោម កិច្ចសម្របសម្រួលនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំពេញអង្គបានសម្រេចថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សាអំពីរបាយការណ៍ការងារ របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោក Xi Jinping។

កិច្ចប្រជុំពេញអង្គបានពិភាក្សា និងអនុម័តលើរបាយការណ៍របស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ដែលដាក់ជូនសមាជបក្សកុម្មុយនីស្តចិនលើកទី២០, របាយការណ៍ការងាររបស់គណៈកម្មការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ដែលដាក់ជូនសមាជបក្សកុម្មុយនីស្តចិនលើកទី ២០, (សេចក្តីព្រាងច្បាប់វិសោធនកម្ម) «លក្ខន្តិកៈបក្សកុម្មុយនីស្តចិន» ព្រមទាំងសម្រេចចិត្តនឹងដាក់ឯកសារទាំងបីនេះ ជូនសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដើម្បីពិនិត្យនិងពិភាក្សា។

កិច្ចប្រជុំពេញអង្គបានបូកសរុបការងារក្នុងរយៈពេល៥ឆ្នាំ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ មក ហើយបានសម្គាល់ជាឯកច្ឆន្ទថា រយៈពេល៥ឆ្នាំចុងក្រោយនេះ គឺជារយៈពេល ៥ឆ្នាំដ៏មិនធម្មតានិងអស្ចារ្យខ្លាំង។ កិច្ចប្រជុំពេញអង្គបានសង្កត់ធ្ងន់ថា សមិទ្ធផលសំខាន់ៗរបស់បក្សនិងប្រទេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ មក គឺជាសមិទ្ធផលក្រោមការដឹកនាំដ៏រឹងមាំ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ក៏ដូចជាសាមគ្គីភាពនិងការតស៊ូរបស់ប្រជាជនគ្រប់ជនជាតិនៃបក្ស និងប្រទេសទាំងមូលក្រោមការណែនាំនៃគំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន