(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ៊ុយក្រែននឹងបន្តការប្រយុទ្ធរបស់ខ្លួន ទោះក្នុងស្ថានភាពរដូវរងាដ៏លំបាកក៏ដោយ ដើម្បីព្យាយាមដណ្តើមយកទឹកដីបន្ថែមទៀត ពីរុស្ស៉ីមកវិញ ខណៈសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាស ក៏ដូចជាជំនួយថ្មីៗ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ក្រុមអ្នកវិភាគយោធា កំពុងតាមដានយ៉ាងស្វិតស្វាញថាតើការប្រយុទ្ធគ្នា អាចនឹងធ្លាក់ចុះឬយ៉ាងណាកំលុងពេលនៃរដូវរងា ដែលអាចនឹងធ្វើឲ្យកងទ័ពប្រទេសទាំងពីរ កំណត់យុទ្ធសាស្រ្តឡើងវិញ ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែមកនេះ។ ប៉ុន្តែលោក អូស្ទីន បានបញ្ជាក់ឲ្យដឹងនៅមុនកិច្ចប្រជុំកំពូលណាតូ ថា ទីក្រុងកៀវនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីឆ្ពោះទៅមុខ បន្ទាប់ពីទទួលបានទឹកដីដែលរុស្ស៉ីកាន់កាប់មកវិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក អូស្ទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំរំពឹងថា អ៊ុយក្រែននឹងបន្តប្រយុទ្ធពេញមួយរដូវរងា ប្រកបដោយប្រសិទ្ធភាព ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀតមកវិញ។ ហើយយើងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យប្រាកដថា ពួកគេទទួលបាន នូវអ្វីដែលខ្លួនត្រូវការ»

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានថ្កោលទោស ការឈ្លានពានដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរុស្ស៊ី និងការពារប្រជាជននិយាយភាសារុស្ស៊ី ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្តបានចោទប្រកាន់ ទីក្រុងមូស្គូពីការធ្វើសង្រ្គាមដណ្តើមយកទឹកដី ឬក៏ដើម្បីកាន់កាប់ប្រទេសជិតខាងរបស់ខ្លួន ដែលមានទំនោរគាំទ្រលោកខាងលិច៕