(អឺរ៉ុប)៖ អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កានិងគ្រប់គ្រងជំងឺឆ្លង (ECDC) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា រលកមួយទៀតនៃការឆ្លងជំងឺកូវីដ ១៩ ប្រហែលជាកំពុងចាប់ផ្តើមក្នុងតំបន់អឺរ៉ុបខណៈករណីចាប់ផ្តើមរាលដាលពេសពេញតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាយកប្រតិបត្តិប្រចាំតំបន់អឺរ៉ុបរបស់ WHO លោក ហាន ឃ្លូត (Hans Kluge) និងលោកស្រី អាន់ឌ្រៀ អាមម៉ុន (Andrea Ammon) នាយក ECDC បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាយើងនៅមិនទាន់ប្រាកដថាតំបន់របស់យើង កំពុងស្ថិតក្នុងស្ថានការណ៍ដូចកាលពីឆ្នាំមុន ប៉ុន្តែវាច្បាស់ណាស់ថាជំងឺរាតត្បាតកូវីដ ១៩ នៅមិនទាន់ចប់ឡើយ។ ជាអកុសល យើងបាននឹងកំពុងមើលឃើញនូវសូចនាករនៃការកើនឡើងម្តងទៀត ក្នុងតំបន់អឺរ៉ុបដែលបង្ហាញថារលកឆ្លងថ្មីមួយទៀតបានចាប់ផ្តើមហើយ»

ទិន្នន័យតាមតំបន់របស់ WHO បានបង្ហាញថា មានតែតំបន់អឺរ៉ុបប៉ុណ្ណោះដែលបានកត់ត្រាពីការកើនឡើងនៃករណីឆ្លងកូវីដ ១៩ គិតត្រឹមថ្ងៃទី២ ខែតុលានេះ ដោយបានកើនឡើង ៨% ពីសប្តាហ៍មុន។ អ្នកជំនាញផ្នែកសុខភាសាធារណៈ បានព្រមានថា ភាពចុះខ្សោយនៃការដំណើរការចាក់វ៉ាក់សាំង និងការច្របូលច្របល់លើប្រភេទវ៉ាក់សាំង ទំនងជាកំណត់ការបង្កើនប្រសិទ្ធភាពក្នុងតំបន់។

គួរបញ្ជាក់ថា WHO និង ECDC បានកត់សម្គាល់ថា មនុស្សរាប់លាននាក់នៅទូទាំងទ្វីបអឺរ៉ុប នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩នោះទេ៕