(ប្រ៊ុចសែល)៖ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសថ្មី ហើយបានប្តេជ្ញាផ្តល់ជំនួយយោធាកាន់តែរឹងមាំ និងយូរអង្វែង នៅក្នុងកិច្ចប្រជុំមួយនៅឯទីស្នាក់ការអង្គការណាតូ កាលពីថ្ងៃពុធ ទី១២តុលា ដោយនិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីពីរថ្ងៃមុន បានបង្រួបបង្រួមពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

អង្គុយជាមួយសមភាគីអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបើកកិច្ចប្រជុំនៃបណ្តាប្រទេសជាង​ ៥០ប្រទេស ដោយថ្កោលទោសការវាយប្រហារដោយមីស៊ីលដ៏សាហាវ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើគោលដៅដែលគ្មានគោលបំណងយោធា នៅទូទាំងប្រទេសអ៊ុយក្រែន។

លោក Austin បានលើកឡើងយ៉ាងដូច្នេះថា «ពិភពលោក​ទាំងមូល​ទើបតែ​បាន​ឃើញ​ម្តង​ទៀត​ នូវ​អំពើ​អាក្រក់​និង​ភាព​ឃោរឃៅ​ នៃ​សង្គ្រាម​ជម្រើស​របស់​ លោក ពូទីន ដែល​មាន​ឫសគល់​ដោយ​ការ​ឈ្លានពាន និង​ការ​មើលងាយ​យ៉ាង​ខ្លាំង​ចំពោះ​ច្បាប់​នៃ​សង្រ្គាម»

ប្រមុខការពារជាតិអាមេរិករូបនេះបានសង្កត់ធ្ងន់ថា «ការវាយលុកចុងក្រោយបង្អស់របស់រុស្ស៊ីនេះ បានធ្វើឱ្យស៊ីជម្រៅដល់ការប្តេជ្ញាចិត្តរបស់ប្រជាជនអ៊ុយក្រែន និងបណ្តាប្រទេសដែលមានសុច្ឆន្ទៈរួមគ្នាបន្ថែមទៀត ពីគ្រប់តំបន់នៅលើផែនដី»

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់រុស្សីបានសម្លាប់មនុស្ស ១៩នាក់នៅអ៊ុយក្រែន របួសជាង ១០០នាក់ និងកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលនៅទូទាំងប្រទេស ដោយបន្ថែមភាពបន្ទាន់ថ្មីដល់ការអំពាវនាវដ៏យូររបស់ទីក្រុងកៀវ សម្រាប់ការការពារដែនអាកាសដើម្បីការពារទីក្រុងរបស់ខ្លួន៕