(កៀវ)៖ ទ្វារសម្រាប់រកការចរចាដើម្បីឈានទៅបញ្ចប់សង្គ្រាម បានបង្ហើបបន្តិចមកវិញជាមួយនឹងការដកស្រង់សម្តីរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំ រុស្ស៊ីត្រូវបានគេដកស្រង់សម្តីវេលាចុងក្រោយនេះដែលបញ្ជាក់នូវលក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់ការចរចារបញ្ចប់សង្គ្រាម។ លក្ខខណ្ឌ នោះគឺតំបន់គ្រីមៀនៅតែជារបស់រុស្ស៊ី និងអ៊ុយក្រែន ត្រូវតែយល់ព្រមបាត់បង់ទឹកដីទាំង៤ ដែលរុស្ស៊ីទើបបានធ្វើប្រជាមតិកាត់យក។

លក្ខខណ្ឌនៃការចរចានេះ ត្រូវបានបញ្ចេញឱ្យដឹងដោយលោកមហាសេដ្ឋី Elon Musk ដែលអះអាងថាលោកបានធ្វើកិច្ចសន្ទនាជាមួយនឹងមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ មហាសេដ្ឋីកំពូលផុតលេខលើពិភពលោក Elon Musk គឺជាមនុស្សម្នាក់ដែលថ្មីៗកន្លងមកនេះ បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីស្វែងរកការបញ្ចប់ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបាននិងកំពុងអូសបន្លាយរយៈពេល៣៣សប្តាហ៍កន្លងមកហើយ។ សំណើថ្មីស្វែងរកសន្តិភាពដែលបានបញ្ចេញមកនេះ បានស្ថិត ក្នុងសប្តាហ៍ដែលរុស្ស៊ីបានបាញ់ស្រោចមីស៊ីលរបស់ខ្លួនដូចគ្រាប់ភ្លៀងដាក់លើបណ្តាក្រុងនានានៃប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យមានមនុស្សស្លាប់១៩នាក់កាលពី ថ្ងៃចន្ទ និងការបន្តវាយប្រហារបន្ថែមទៀត នៅថ្ងៃអង្គារ៍ដោយការប្រើយន្តហោះ drones។

រុស្ស៊ីត្រូវគេរាយការណ៍ថាថែមទាំងបានព្រមានការអាចប្រើអាវុធនុយក្លេអ៊ែរ ប្រសិនណាបើអ៊ុយក្រែនហ៊ានតែបន្តឈ្លានឈានចូលក្នុងតំបន់គ្រីមៀ។ លោក Elon Musk ដែលបានធ្វើកិច្ចសន្ទនាជាមួយមេដឹកនាំរុស្ស៊ី បានសរសេរក្នុងបណ្តាញសង្គមដកស្រង់សម្តីមេដឹកនាំរុស្ស៊ីដែលដាក់លក្ខខណ្ឌថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់ សង្គ្រាមលុកលុយនេះ ប្រសិនបើអ៊ុយក្រែនទទួលយកទម្រង់នៃអព្យាក្រឹតអចិន្ត្រៃយ៍ និងទទួលស្គាល់ការបញ្ចូលតំបន់ចំនួន៤ របស់រុស្ស៊ី គឺតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia។ ការសរសេរបង្ហាញសំណើរបស់រុស្ស៊ីនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងក្លាដោយប្រទេសអ៊ុយក្រែន។ កិច្ចប្រឹងប្រែងរកសន្តិភាព និងការបញ្ចប់ សង្គ្រាមរបស់លោកមហាសេដ្ឋី Elon Musk ដែលបានរងការរិះគន់ដ៏ធ្ងន់ធ្ងរទៅវិញនេះ គឺជាលើកទី២ហើយ។

កិច្ចប្រឹងប្រែងលើកទី១ថ្មីៗកន្លងមកនេះ លោក Musk បានស្នើឱ្យមានការបោះឆ្នោតគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅក្នុងតំបន់ទាំងបួនសាឡើងវិញ គឺតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia។ លោកបានស្នើថាបើសិនជាឆន្ទៈរបស់ពលរដ្ឋនៅទីនោះមិនពេញចិត្ត រុស្ស៊ីទេ គឺរុស្ស៊ីនឹងត្រូវដកថយចេញពីទីនោះ វិញ។ លោកនៅបានសរសេររកការបោះឆ្នោតដដែលដូចគ្នានេះផងទៀត ក្នុងតំបន់គ្រីមៀ ប៉ុន្តែសំណើពាក់ព័ន្ធនឹងការស្វែងរកសន្តិភាព នោះមិនទទួលបានការគាំទ្រពី មតិភាគច្រើនដែលបានបោះឆ្នោតនៅតាមបណ្តាញសង្គមឡើយ។

នៅជាមួយគ្នានេះផងដែរ ប្រទេស G7 (Group of 7) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទាមទារឱ្យរុស្ស៊ីត្រូវដកទ័ព, ដកសម្ភារៈយោធារបស់ខ្លួនទាំងអស់ចេញពី ទឹកដីអ៊ុយក្រែន ដោយបន្ទាន់និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសទាំង ៧គឺកាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេស និងសហរដ្ឋអាមេរិក ដែលទាមទារឱ្យកម្លាំងទាហានរុស្ស៊ីធ្វើការដកថយចេញពីអ៊ុយក្រែននេះ គឺនៅបន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រោយអំពើវាយប្រហារបាញ់ស្រោចគ្រាប់មីស៊ីលដាក់ទៅលើប្រទេសអ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញ នោះផងដែរ។

លោក ហ្សេលេនស្គី បានអំពាវនាវរកជំនួយយោធានូវអាវុធធុនធ្ងន់ និងការបញ្ជួនអាវុធដែលត្រូវការទាំងនោះទាន់ពេលវេលាថែមទៀត។ លោកបានថ្លែងថា ចំណុចសំខាន់ទី១ គឺអ៊ុយក្រែនត្រូវការជំនួយយោធាដើម្បីរារាំងការបាញ់មីស៊ីលតាមអាកាសដាក់មកលើអ៊ុយក្រែន។ លោកថាជំនួយនេះគឺសំខាន់ណាស់ដើម្បីការធានា សន្តិសុខ។ លោកបញ្ជាក់ថានៅពេលដែលអ៊ុយក្រែនបានទទួលជំនួយនៃអាវុធទាំងនេះហើយ ការបាញ់មីស៊ីលរបស់រុស្ស៊ីនឹងត្រូវគាំងដំណើរការជាមិនខាន។ ក្នុងសប្តាហ៍នេះ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី មិនមែនមានត្រឹមតែថ្ងៃចន្ទ ទី១០ ខែតុលា ដែលរុស្ស៊ីបានបាញ់ស្រោចមីស៊ីលជាង៨០គ្រាប់ដាក់លើបណ្តា ក្រុងនានានោះឡើយ។ នៅថ្ងៃទី១១ ខែតុលា រុស្ស៊ីក៏បានធ្វើសកម្មភាពតាមផ្លូវអាកាសមកបន្ថែមទៀត ប៉ុន្តែមិនមានសកម្មភាពខ្លាំងក្លាដូចថ្ងៃដំបូងឡើយ។
លោក ហ្សេលេនស្គី បានប្រាប់មេដឹកនាំប្រទេស G7 ថា ជំនួយយោធានៃប្រព័ន្ធការពារតាមផ្លូវអាកាសគឺជាភាពចាំបាច់បំផុត។ អ៊ុយក្រែនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានទទួលការសន្យាភ្លាមជាលើកដំបូងពីប្រទេសអាល្លឺម៉ង់នូវប្រព័ន្ធអាវុធការពារផ្លូវអាកាស Iris Tair defense systems ចំនួន៤គ្រឿង, ខណៈ ដែលសហរដ្ឋអាមេរិកបានសន្យាថានឹងជំរុញឱ្យលឿននូវប្រព័ន្ធការពារផ្លូវអាកាសរបស់ខ្លួន Nasam មកឱ្យអ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ចំនួន១៣ចំណុចបានបញ្ជាក់ការប្តេជ្ញាថា ប្រទេសនៃមហាសេដ្ឋកិច្ចដ៏ធំទាំង៧ នឹងផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុដល់អ៊ុយក្រែន និងការប្តេជ្ញាឈរជាមួយនឹងអ៊ុយក្រែន រហូតដើម្បីប្រឆាំងនឹងរុស្ស៊ី។

ប្រទេស G7 បានចោទថារុស្ស៊ីបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេស G7 ថ្លែងទៀតថារុស្ស៊ីគ្មានមូលដ្ឋានស្របច្បាប់ណាមួយ ដែលចង់ធ្វើការផ្លាស់ប្តូរព្រំដែនប្រទេសអ៊ុយក្រែននោះឡើយ។ ក្នុងចំណុចទី៩នៃសេចក្តីថ្លែងការណ៍ ប្រទេស G7 បានប្តេជ្ញាបន្តការជួយអ៊ុយក្រែនដើម្បីរក្សា ដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់គេ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ, ជំនួយយោធា, មនុស្សធម៌, ការទូត និងផ្លូវច្បាប់ និងការប្តេជ្ញាឈរជាមួយអ៊ុយក្រែន ជារៀងដរាបនិងជួយបំពេញអ៊ុយក្រែនក្នុងការបំពេញតម្រូវការទាំងអស់រួមទាំងការត្រៀមសម្រាប់រដូវរងាឈាន ចូលមកដល់នេះថែមទៀត។

ប្រទេសG7 បានព្រមានរុស្ស៊ីទៀតថា រាល់ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរដោយរុស្ស៊ីខ្លួនឯងនោះ នឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍របស់ប្រទេស G7 នៅបានប្រាប់ប្រទេសបេឡារុសដែលប្តេជ្ញាចូលរួមក្នុងក្រុមយោធាជាមួយរុស្ស៊ី ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន និងត្រូវបញ្ឈប់ មិនឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនថែមទៀត៕