(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) ដែលបច្ចុប្បន្នមានវ័យ ៩៧ឆ្នាំហើយក៏ដោយនោះ បានប្រកាសឱ្យដឹងថា លោកនឹងបន្តឈរឈ្មោះជាសមាជិកសភា ក្នុងការបោះឆ្នោតសកល នាពេលប៉ុន្មានខែខាងមុខទៀតនេះ ប៉ុន្តែមិនច្បាស់ថា រូបលោកអាចនឹងកាន់តំណែងជានាយករដ្ឋមន្រ្តី ជាលើកទី៣ ឬយ៉ាងណាឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក មហាធៀរ បាននិយាយថា លោកនឹងបន្តការពារអាសនៈរបស់លោក ដែលតំណាងឱ្យស្រុក ឡាងកាវី (Langkawi) នៃរដ្ឋខេដា (Kedah)។ ប៉ុន្តែលោកបានបន្ថែមថា សម្ព័ន្ធគណបក្សនយោបាយរបស់លោក គឺចលនាមាតុភូមិ (Gerakan Tanah Air ឬ Homeland Movement) មិនទាន់សម្រេចថាតើ នរណានឹងក្លាយជានាយករដ្ឋមន្រ្តីនោះទេ ប្រសិនបើទទួល​ជ័យជម្នះក្នុងការបោះឆ្នោត ដែលត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅខ្ទង់ដើមខែវិច្ឆិកាខាងមុខ។

លោក មហាធៀរ បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន នាពេលនោះយ៉ាងដូច្នេះថា «យើងបានសម្រេចចិត្តថា នៅស្រុក Langkawi បេក្ខជនគឺជាខ្ញុំដដែល ប៉ុន្តែមិនមែនជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្រ្តីនោះឡើយ គឺគ្រាន់តែជាបេក្ខជនសម្រាប់តំណែងសភាជិកសភាប៉ុណ្ណោះ។ យើងមិនទាន់បានសម្រេចទេថាតើ នរណានឹងក្លាយជានាយករដ្ឋមន្រ្តី លុះត្រាតែយើងអាចឈ្នះ ទើបការជ្រើសរើស​បេក្ខជននាយករដ្ឋមន្រ្តី ជារឿងសំខាន់»

គួរបញ្ជាក់ថា លោក មហាធៀរ ធ្លាប់ជានាយករដ្ឋមន្រ្តីនៃសហព័ន្ធម៉ាឡេស៉ីចំនួន២លើក។ ការកាន់តំណែងលើកទីមួយរបស់លោក គឺមានរយៈពេលដល់ទៅ២២ឆ្នាំ គឺពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣។ រូបលោកបានចាកចេញពីការចូលនិវត្តន៍វិញ កាលពីឆ្នាំ២០១៨ ដើម្បីដឹកនាំសម្ព័ន្ធគណបក្សក្តីសង្ឃឹម (Pakatan Harapan ឬ Hope Alliance) ហើយទទួលបានជ័យជម្នះនឹកស្មានមិនដល់ ដែលធ្វើ​ឱ្យលោកក្លាយជា នាយករដ្ឋមន្រ្តីម្តងទៀត ក្នុងវ័យ៩២ឆ្នាំ មុនពេលលោកលាលែងពីតំណែង កាលពីខែមីនា ឆ្នាំ២០២០៕