(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងមូស្គូបើកចំហរកិច្ចចរចាពីសង្រ្គាមនៅអ៊ុយក្រែនជាមួយលោកខាងលិច ជាការអះអាងដែលទីក្រុងវ៉ាស៉ីនតោនហៅថាជា «ឥរិយាបថក្លែងក្លាយ» ខណៈរុស្ស៉ីនៅតែបន្តបើកការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី លោក ឡារ៉ូវ បាននិយាយថា រុស្ស៊ីមានឆន្ទៈក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ឬតួកគី ដើម្បីរកមធ្យោបាយបញ្ចប់សង្រ្គាម ប៉ុន្តែមិនទាន់ទទួលបានសំណើជាក់លាក់ណាមួយឡើយ។ ចំណែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមាន «ទំនុកចិត្តតិចតួចណាស់» ដែលថារុស្ស៊ីកំពុងផ្តល់សំណើស្របច្បាប់សម្រាប់កិច្ចពិភាក្សា ពីព្រោះការអត្ថាធិប្បាយរបស់លោក ឡារ៉ូវ បានកើតឡើងតែប៉ុន្មានម៉ោងនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ី សម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នៅមិនទាន់មានពន្លឺនៅឡើយទេ ខណៈរុស្ស៉ី និងសហរដ្ឋអាមេរិក មានការអះអាងរៀងៗខ្លួន៕