(ស៉ីដនី)៖ កងកម្លាំងប៉ូលិសរបស់ប្រទេសដីកោះសូឡូម៉ុន ចំនួន៣២រូបកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីទទួលការបណ្តុះបណ្តាលបច្ចេកទេសប៉ូលិស និងបង្កើនការយល់ដឹងរបស់ពួកគេអំពីវប្បធម៌ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ប្រទេសចិនបានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈដល់ប៉ូលិសនៅកោះសូឡូម៉ុន ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ កាលពីខែមេសាកន្លងទៅ។ កិច្ចព្រមព្រៀងនេះហើយ ដែលធ្វើបង្កឱ្យមានក្តីបារម្ភ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងអូស្ត្រាលីផងដែរ ដែលធ្លាប់ផ្តល់ការគាំទ្រដល់ ប៉ូលិសសូឡូម៉ុនដូចគ្នានេះដែរ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសសូឡូម៉ុន បានឲ្យដឹងថា មន្ត្រីទាំង៣២រូបនេះ នឹងធ្វើទស្សនកិច្ចនៅទីស្នាក់ការប៉ូលិសច្រើនកន្លែងផ្សេងគ្នា ក្នុងប្រទេសចិន អំឡុងការស្នាក់នៅរយៈពេលមួយខែរបស់ពួកគេ។

គួរបញ្ជាក់ថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ក្រុមហ៊ុនសំណង់និងទូរគមនាគមន៍ចិន ក៏បានចុះកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកោះសូឡូម៉ុន ថែមទៀតផង៕