(មូស្គូ)៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) នៃប្រទេសរុស្ស៉ី នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានឃាត់ខ្លួនជនជាតិរុស្ស៉ី៥នាក់ ព្រមទាំងពលរដ្ឋអ៊ុយក្រែននិងអាមេនីសរុបចំនួន ៣នាក់ ជុំវិញហេតុការណ៍ផ្ទុះដែលបានបង្កការខូចខាត ចំពោះស្ពានគ្រីមៀកាលពី ថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារ FSB បានអះអាងថា ការបំផ្ទុះខាងលើត្រូវបានរៀបចំឡើង ដោយនាយកដ្ឋានស៉ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិ​របស់អ៊ុយក្រែន ហើយនិងប្រធាននាយកដ្ឋាននោះ គឺលោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov)។ អ៊ុយក្រែនមិនបានចេញមុខអះអាងថា ខ្លួនមានជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍លើស្ពានគ្រីមៀឡើយ ប៉ុន្តែក្រុមមន្រ្តីអ៊ុយក្រែនមួយចំនួន បាននាំគ្នាសម្តែងការសាទរ ចំពោះការខូចខាតនៃស្ពាននោះ។

ការផ្ទុះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នៅលើស្ពានគ្រីមៀបានបំផ្លាញចំណុចមួយកំណាត់ នៅផ្នែកផ្លូវថ្នល់របស់ស្ពាន ដែលបណ្តាលឱ្យការធ្វើចរចារណ៍ទៅមក ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញស៉ីទែនផ្ទុកប្រេងឥន្ធនៈមួយចំនួន ដែលដឹកជញ្ជូនតាមផ្នែកផ្លូវរថភ្លើង ចេញពីតំបន់ភាគខាងត្បូងប្រទេសរុស្ស៉ី ឆ្ពោះទៅកាន់ឧបទ្វីបគ្រីមៀផងដែរ។

គួរបញ្ជាក់ថា ស្ពានយុទ្ធសាស្រ្តនេះ ដែលត្រូវបានបើកសម្ពោធដោយផ្ទាល់ ក្រោមវត្តមានរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨ បានក្លាយមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ចំពោះការធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ជាពិសេសនៅតំបន់​ភាគខាងត្បូង។ កាលពីដើមសប្តាហ៍នេះ កងកម្លាំងរុស្ស៉ីបានបាញ់ស្រោចមីស៉ីលរាប់សិបគ្រាប់ ទៅទីក្រុងអ៊ុយក្រែនជាច្រើន។ លោក ពូទីន ព្រមានថាវាគឺជាការសងសឹកចំពោះ ការបំផ្ទុះស្ពានគ្រីមៀ ដែលលោកចោទអ៊ុយក្រែនជាមេក្លោងនៅពីក្រោយ ហើយហៅវាថាជាអំពើភេរវកម្ម៕