(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា បេសកកម្ម DART បានទទួលជោគជ័យក្នុងការផ្លាស់ប្តូរ គន្លងធ្វើដំណើររបស់អាចម៍ផ្កាយ ឌីម័រហ្វូស (Dimorphos) នៅពេលយានអវកាស DART ត្រូវបានបញ្ជាឱ្យបំបុកខ្លួនវា ទៅនឹងដុំអវកាសនោះ កាលពីថ្ងៃទី២៦ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

បេសកកម្ម DART គឺជាបេសកកម្មដំបូងបំផុត ដែលត្រូវបានធ្វើឡើង ក្រោមកិច្ចប្រឹងប្រែងស្វែងរក ក៏ដូចជាធ្វើតេស្តមធ្យោបាយ សម្រាប់ការការពារភពផែនដី ពីការគំរាមកំហែងរបស់អាចម៍ផ្កាយ ហើយវាក៏ជាលើកទីមួយផងដែរ ដែលមនុស្សលោកយើង បានផ្លាស់ប្តូរចលនារបស់ វត្ថុធម្មជាតិនៅក្នុងអវកាស ដោយចេតនាយ៉ាងដូច្នេះ។

មុនការបំបុកខ្លួនរបស់យាន DART អាចម៍ផ្កាយ Dimorphos បានប្រើពេលវេលា ១១ម៉ោង និង៥៥នាទី ដើម្បីធ្វើដំណើរគោចរជុំវិញ អាចម៍ផ្កាយធំមួយទៀត ឈ្មោះថា ឌីឌីម៉ូស (Didymos) ដែលជាគូរបស់វា។ ប៉ុន្តែឥឡូវ Dimorphos ប្រើរយៈពេលត្រឹមតែ១១ម៉ោង និង២៣នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរជុំវិញ Didymos។ និយាយរួម ការបំបុករបស់យាន DART បានកែប្រែរយៈពេលគោចររបស់ Dimorphos ដល់ទៅ៣២នាទី ខណៈពីដំបូងឡើយ ក្រុមតារាវិទូរំពឹងថានឹងចាត់ទុកបេសកកម្ម DART ទទួលបានជោគជ័យហើយ ប្រសិនបើវាកាត់បន្ថយរយៈគោចរបានត្រឹម១០នាទី។

គួរបញ្ជាក់ថា យោងតាមការតាមដាននិងព្យាករនាពេលបច្ចប្បន្ន គឺពុំមានអាចម៍ផ្កាយណាមួយ ដែលអាចនឹងមកបុកចំផែនដីឡើយ ប៉ុន្តែមានអាចម៍ផ្កាយជាង ២៧,០០០ដុំ ដែលត្រូវបានចាត់ថ្នាក់ជា ក្រុមអាចម៍ផ្កាយនៅក្បែផែនដី។ ពួកវាហោះកាត់ភពយើងទៅមក ក្នុងគម្លាតចាប់ពី៤៨លានគីឡូម៉ែត្រចុះក្រោម ហើយមានគ្រប់សណ្ឋាននិងទំហំទាំងអស់៕