(តៃប៉ិ)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយថាចិនកំពុងរៀនសូត្រពីបទពិសោធន៍ពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍ «យុទ្ធសាស្ត្រសង្រ្គាមកូនកាត់» របស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រើប្រាស់យន្ដហោះដ្រូន និងសង្រ្គាមចិត្តសាស្ត្រ។ នេះបើតាមការចេញ ដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខសមាជិកសភា នៅថ្ងៃពុធនេះ អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក ឈិន មីងតុង (Chen Ming-tong) បានគូសបញ្ជាក់ ដូច្នេះថា «នៅក្នុងឆ្នាំនេះ គណបក្សកុម្មុយនិស្ដចិនបានដកស្រង់បទពិសោធន៍ចេញពីសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសង្រ្គាមកូនកាត់ ប្រឆាំងនឹងតៃវ៉ាន់ ព្រមទាំងពង្រឹងសមត្ថភាពបណ្ដុះបណ្ដាល និងការត្រៀមលក្ខណៈប្រយុទ្ធជាមួយសត្រូវដ៏ខ្លាំង»។ ប៉ុន្តែ លោក ឈិន បន្តថាការគំរាមកំហែង យោធាពីចិន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាន់តែបង្កើនការគាំទ្រចំពោះតៃវ៉ាន់ផងដែរ សំដៅធានាឱ្យបានថារឿងដែលបានកើតឡើងលើ អ៊ុយក្រែន នឹងមិនកើតឡើងជាថ្មីនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ចិន បានបង្កើន និងកំពុងបន្តការធ្វើសកម្មភាពយោធានៅជុំវិញ​ និងក្បែរកោះតៃវ៉ាន់ចាប់តាំងពីខែសីហាមកម្ល៉េះ បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រ អាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ចិនជារឿយៗបានព្រមានថានឹងប្រើកម្លាំងយោធាក្នុងករណីចាំបាច់ ក្នុងបរិបទដែល លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតដែរថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្នុងករណីមាន ការវាយប្រហារពីចិន៕