(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយថារដ្ឋាភិបាលរបស់លោកអាចនឹងពិចារណាផ្ដល់ ការបណ្ដុះបណ្ដាលផ្នែកយោធាដល់កងកម្លាំងអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

លោក អាល់បានីស ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពីការចូលរួមចំណែកបន្ថែមរបស់អូស្រ្តាលី ដើម្បីជួយអ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងប្រាប់ទូរទស្សន៍ Channel 7 លោក អាល់បានីស បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងកំពុងពិចារណាលើការផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងយោធាអ៊ុយក្រែន ហើយខ្ញុំក៏បានចូលរួមរំលែកទុក្ខដោយតំណាងឱ្យប្រជាជនអូស្ត្រាលី ជាមួយលោក ហ្សេលេនស្គីផងដែរ ចំពោះជនរងគ្រោះដែលបានស្លាប់នៅក្នុងបាញ់ស្រោច មីស៊ីលលើទីតាំងជនស៊ីវិល ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុងកៀវ...»។ នាយករដ្ឋមន្ត្រីអូស្រ្តាលីរូបនេះក៏បានចាត់ទុកផងដែរថាការវាយប្រហាររបស់រុស្ស៉ី គឺជាទង្វើដ៏សាហាវឃោរឃៅ។

គួរបញ្ជាក់ថា លោក អាល់បានីស មិនបានបញ្ជាក់លម្អិតពីផែនការបណ្ដុះបណ្ដាលកងកម្លាំងអ៊ុយក្រែននោះទេ ខណៈមានសេចក្ដីរាយការណ៍ផ្សេងៗពីគ្នាដោយ ខ្លះថាគ្រូបណ្ដុះបណ្ដាលយោធាអូស្ត្រាលីនឹងត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន រីឯខ្លះទៀតរាយការណ៍ថាការបណ្ដុះបណ្ដាលនឹងមិនធ្វើឡើងនៅលើទឹកដី អ៊ុយក្រែន នោះទេ៕