(ព្រុចសែល)៖ បក្សសម្ព័ន្ធយោធាណាតូ (NATO) បានឱ្យដឹងថាខ្លួននឹងដឹកនាំការធ្វើសមយុទ្ធនុយក្លេអ៊ែរតាមគ្រោងទុក នៅសប្ដាហ៍ក្រោយនេះ បើទោះជា កំពុងមានភាពតានតឹងជាមួយរុស្ស៉ី និងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់លោក ពូទីន នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែនក៏ដោយ។ នេះបើតាម ការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អគ្គលេខាធិការណាតូ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) ក៏បានបញ្ជាក់ដែរថា សមយុទ្ធនុយក្លេអ៊ែរខាងលើ គឺជាសមយុទ្ធប្រចាំជាទម្លាប់ធម្មតាដែលត្រូវបានគ្រោងទុកអស់រយៈពេលជាយូរមកហើយ ពោលគឺនៅមុនរុស្ស៉ីឈ្លានពាន អ៊ុយក្រែនមកម្ល៉េះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើវាជាគំនិតល្អដែរទេ ដែលគេគួរតែលុបចោលសមយុទ្ធយោធានេះដើម្បីបន្ធូរបន្ថយ ភាពតានតឹងជាមួយរុស្ស៉ី លោក ស្ដូលធិនបឺគ បានសង្កត់ធ្ងន់ដូច្នេះថា «វានឹងក្លាយជាការបញ្ជូនសញ្ញាខុស ប្រសិនបើយើងលុបចោលសមយុទ្ធជាទម្លាប់មួយ នេះដែលត្រូវបានគ្រោងទុកជាយូរណាស់មកហើយ ភ្លាមៗក្នុងពេលនេះដោយសារតែសង្រ្គាមនៅអ៊ុយក្រែន»។ លោកបន្ថែមថាមានតែសមត្ថភាពយោធា ខ្លាំងក្លារបស់ណាតូទេ ដែលជាមធ្យោបាយល្អក្នុងការបង្ការឱ្យជម្លោះផ្ទុះឡើងកាន់តែធំ។

គួរបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែររបស់ណាតូ ដែលមានឈ្មោះថា «Steadfast Noon» នឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយ ក្នុងចម្ងាយជាង ១,០០០គីឡូម៉ែត្រ ពីរុស្ស៉ី ដោយមានការចូលរួមពីយន្ដហោះចម្បាំងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ មកពីប្រទេសចំនួន១៤ ក្នុងចំណោមសមាជិកទាំង៣០ប្រទេស របស់អង្គការណាតូ ហើយសមយុទ្ធនេះនឹងមិនមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពិតៗនោះទេ៕