(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានអារ៉ាប៊ីសាអូឌីត ពីផលវិបាក បន្ទាប់ពីអង្គការ OPEC+ កាលពីសប្ដាហ៍មុន បានប្រកាសកាត់បន្ថយការផលិតប្រេង ដោយមិនខ្វល់ពីការជំទាស់ពីសហរដ្ឋអាមេរិក ដែលស្នើឱ្យបង្កើនការផលិតប្រេង។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

អង្គការក្រុមប្រទេសផលិតប្រេង OPEC ទាំង១៣ប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងប្រទេសជាដៃគូចំនួន១០ ដឹកនាំដោយរុស្ស៉ីបានឯកភាពគ្នា ក្នុងការកាត់បន្ថយការផលិតប្រេង ២លានបារែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភពីប្រេងឡើងថ្លៃ។

ដោយឡែក ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNN និងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់ មកពីគណបក្សប្រជាធិបតេយ្យ គឺលោក បុប មេនិនដែស (Bob Menendez) បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់នូវ រាល់កិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងការលក់អាវុធជាដើម។

លោក បៃដិន មិនបានបញ្ជាក់លម្អិតថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបបែបណា ចំពោះការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាការធ្វើសម្បទានដល់រុស្ស៉ីនោះទេ។ តែយ៉ាងណាក៏ដោយ ខាងសេតវិមានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងពិនិត្យ ឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ដោយលោក បៃដិន នឹងធ្វើការងារជាមួយសភាទាំង២លើកិច្ចការនេះ៕