(មីនស្កិ៍)៖ នៅថ្ងៃអង្គារនេះ បេឡារុសបានចេញមុខអះអាងថា កងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយរួមគ្នា ជាមួយកងទ័ពរុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ គឺជាចំណាត់ការការពារតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

ក្រសួងការពារជាតិបេឡារុស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «រាល់សកម្មភាពទាំងអស់ ដែលកំពុងតែប្រព្រឹត្តទៅ គឺមានគោលដៅត្រៀមឆ្លើយតបឱ្យបានគ្រប់គ្រាន់ ចំពោះសកម្មភាពនានា ដែលកំពុងកើតមាននៅក្បែរព្រំប្រទល់របស់យើង»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកបានដាក់ពង្រាយកងទ័ព ជាមួយកងកម្លាំងរបស់រុស្ស៉ី នៅព្រំប្រទល់ក្បែរអ៊ុយក្រែន ដើម្បីជាការឆ្លើយតបចំពោះ អ្វីដែលលោកអះអាងថាជា ការគំរាមកំហែងច្បាស់ៗមកលើបេឡារុស ពីសំណាក់ទីក្រុងកៀវ ហើយនិងក្រុមលោកខាងលិច។

គួរបញ្ជាក់ថា យោធាបេឡារុសមានកងកម្លាំងប្រហែលជាង ៦០,០០០នាក់។ កាលពីពេលបើកការឈ្លានពានលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៉ីបានប្រើប្រាស់បេឡារុស ជាមូលដ្ឋានដើម្បីបញ្ជូនកងទ័ពក៏ដូចជាសព្វាវុធ ចូលទៅកាន់តំបន់ភាគខាងជើង របស់អ៊ុយក្រែន៕