(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារាំងនៅថ្ងៃអង្គារនេះ បាននិយាយថាជនជាតិបារាំងចំនួន៥នាក់ កំពុងស្ថិតក្រោមការជាប់ឃុំឃាំង នៅក្នុងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីកន្លងមកធ្លាប់បានអះអាងថា មាន៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃទី៦ ខែតុលា ទីក្រុងប៉ារីសបានចេញមុខរិះគន់អ៉ីរ៉ង់ថា ប្រព្រឹត្តទង្វើបែបផ្តាច់ការ និងយកពលរដ្ឋបារាំងធ្វើជាចំណាប់ខ្មាំង បន្ទាប់ពីមានការចាក់ផ្សាយវីដេអូមួយ ដែលក្នុងនោះប្តីប្រពន្ធជនជាតិបារាំង២នាក់ បាននិយាយឆ្លើយសារភាពចំពោះការធ្វើចារកម្ម ក្រោយទីក្រុងតេហេរ៉ង់បានអះអាងថា ភាពវឹកវរជាច្រើនសប្តាហ៍មកនេះ ដែលបានផ្ទុះឡើងនៅក្នុងប្រទេសខ្លួន គឺមានជាប់ទាក់ទង​ជាមួយកម្លាំងបរទេស។

ប៉ុន្មានថ្ងៃក្រោយមក បារាំងក៏បានអំពាវនាវឱ្យជនជាតិខ្លួន ចាកចេញពីអ៉ីរ៉ង់ជាបន្ទាន់ ជាមួយការព្រមានថា ពួកគេអាចប្រឈមហានិភ័យ នៃការចាប់ឃុំឃាំងខ្លួនតាមអំពើចិត្ត ដោយអាជ្ញាធរអ៉ីរ៉ង់។ ប្រមុខការទូតបារាំង លោកស្រី ខាថឺរីន ខូឡូនណា (Catherine Colonna) បានប្រាប់វិទ្យុបារាំង France Inter ថា លោកស្រីសង្ឃឹមនឹងអាចនិយាយ ជាមួយរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នៅថ្ងៃអង្គារនេះ ដើម្បីស្នើ​ម្តងទៀត នូវការដោះលែងជាបន្ទាន់ សម្រាប់រាល់ពលរដ្ឋបារាំងទាំងអស់ ដែលកំពុងជាប់ឃុំឃាំងនៅអ៉ីរ៉ង់ ខណៈបច្ចុប្បន្នគឺមាន៥នាក់។

គួរបញ្ជាក់ថា ចំណងទាក់ទងរវាងបារាំងនិងអ៉ីរ៉ង់ បានបន្តធ្លាក់ចុះដុនដាបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលកិច្ចប្រឹងប្រែងស្តារកិច្ចចរចានុយក្លេអ៊ែរអ៉ីរ៉ង់ ដែលមានបារាំងជាភាគីមួយដែរនោះ បានជាប់គាំង ហើយប្រទេសទាំងពីរ សុទ្ធតែមិនមានឯកអគ្គរដ្ឋទូតប្រចាំនៅភាគីម្ខាងៗដូចគ្នា។ ជាមួយគ្នានេះ ចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅអ៉ីរ៉ង់ជុំវិញការស្លាប់ របស់នារីអ៉ីរ៉ង់វ័យ២២ឆ្នាំម្នាក់ នៅក្នុងការឃុំឃាំងរបស់ប៉ូលិស កាលពីខែមុន ក៏បានជំរុញសហភាពអឺរ៉ុប ដើរតាមសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស ក្នុងការដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ផងដែរ៕