(យូអិន)៖ អ៊ុយក្រែន បានថ្កោលទោសដោយហៅរុស្ស៉ីថាជា «រដ្ឋភេរវករ» នៅឯកិច្ចប្រជុំបន្ទាន់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីទីក្រុងមូស្គូ បើកការវាយប្រហារដោយមីស៊ីលយ៉ាងសម្បើមលើទីក្រុងជាច្រើន នៅទូទាំង ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

អង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់ ដើម្បីជជែកពីការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ ពីសំណាក់រុស្ស៉ី ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមស្រមោលនៃការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងជាច្រើនទៀ តដែលជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងបំផុតលើ អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ថ្លែងទៅកាន់អង្គមហាសន្និបាត UN អគ្គរដ្ឋទូតអ៊ុយក្រែន លោក សឺជី គីស្លីតស៊ីយ៉ា (Sergiy Kyslytsya) បានថ្កោលទោសដោយហៅរុស្ស៉ីត្រង់ៗថាជា រដ្ឋភេរវករ ជុំវិញការវាយប្រហារនេះដែលបណ្ដាលឱ្យជនស៊ីវិលយ៉ាងហោច ១៤នាក់ស្លាប់ និង៩៧នាក់រងរបួស។ ប៉ុន្តែ​ ជាការឆ្លើយតប អគ្គរដ្ឋទូតរុស្ស៉ី ប្រចាំ UN លោក វ៉ាស៊ីលី ណេបិនហ្ស៉ីយ៉ា (Vasily Nebenzya) មិនបានលើកឡើងពីការវាយប្រហារដោយមីស៊ីលនេះទេ តែបានការពាររុស្ស៉ីជុំវិញ ការកាត់យកទឹកដីអ៊ុយក្រែន។ «យើងកំពុងរងការចោទប្រកាន់ ក្នុងពេលដែលយើងកំពុងព្យាយាមការពារបងប្អូនប្រុសស្រីរបស់យើង នៅភាគខាងកើត អ៊ុយក្រែន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាស៊ីលី។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានថ្កោលទោសការវាយប្រហាររបស់រុស្ស៉ីផងដែរ ជាមួយការចោទប្រកាន់ថាទីក្រុងមូស្គូកំពុង បង្ហាញពីភាពឃោរឃៅកាន់ច្បាស់ នៅក្នុងសង្រ្គាមខុសច្បាប់របស់លោក ពូទីន។ លោក ពូទីន បានអះអាងថាការវាយប្រហាររបស់រុស្ស៉ី គឺជាការឆ្លើយតប ទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយនៅតំបន់គ្រីមៀ ហើយបានព្រមានថានឹងវាយប្រហារធ្ងន់ធ្ងរជាងនេះទៀត បើការវាយប្រហារលើទឹកដីរុស្ស៉ី កើតឡើងម្ដងទៀត៕