(សេអ៊ូល)៖​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃអង្គារនេះបាននិយាយថាកូរ៉េខាងជើងនឹងមិនទទួលបាន ផលចំណេញអ្វីទាល់តែសោះពីអាវុធនុយក្លេអ៊ែរ ខណៈទីក្រុងព្យុងយ៉ាងកាន់តែបង្កើនការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក យូន ស៊ុកយុល បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងកំពុងបង្កើនការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដែលនេះមិនមែនត្រឹមតែគំរាមកំហែងដល់កូរ៉េខាងត្បូងប៉ុណ្ណោះទេ តែវាគឺគំរាមកំហែងដល់ពិភពលោកទាំងមូល។ ប៉ុន្តែ ខ្ញុំជឿជាក់ថាពួកគេនឹងមិន ទទួលបានផលចំណេញអ្វីទាល់តែសោះពីអាវុធនុយក្លេអ៊ែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថាលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ការធ្វើ សមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិក ប្រឆាំងកូរ៉េខាងត្បូង ក្នុងរយៈពេល ២សប្ដាហ៍កន្លងមកនេះ ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕