(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទ ទី១០ ខែតុលានេះ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលដោយអតីតប៉ូលីសនៅមជ្ឈមណ្ឌលថែទាំកុមារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

មនុស្សសរុបចំនួន ៣៦នាក់ រួមទាំងកុមារ ២៤នាក់ ត្រូវបានសម្លាប់ដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន ដោយអតីតប៉ូលីស ដែលក្រោយមកបានសម្លាប់ខ្លួននៅក្នុងទីក្រុង Uthai Sawan ដែលជាទីក្រុងស្ថិតចម្ងាយ ៥០០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧត្តមសេនីយ ប្រាយុទ្ធ បានណែនាំដល់អាជ្ញាធរឱ្យស្វែងរក និងធ្វើតេស្តយ៉ាងហ្មត់ចត់ចំពោះមន្ត្រី និងសហគមន៍សម្រាប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោក Anucha បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋានរដ្ឋាភិបាល ដកហូតអាជ្ញាប័ណ្ណកាន់កាប់កាំភ្លើងរបស់ម្ចាស់ ដែលបានចុះបញ្ជីដែលត្រូវបានរាយការណ៍ថា មានអាកប្បកិរិយា «គំរាមកំហែងដល់សង្គម» និង «បង្កើតឱ្យមានភាពចលាចល»។ ទន្ទឹមនឹងការបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់៕