(ជីស៉ីណូ)៖ ប្រទេសម៉ុលដាវីបានអះអាងថា មីស៉ីលគ្រូសចំនួន៣គ្រាប់ ដែលត្រូវបានបាញ់ចេញដោយរុស្ស៉ី ឆ្ពោះទៅកាន់អ៊ុយក្រែន គឺបានហោះបំពានដែនអាកាសរបស់ខ្លួន នាថ្ងៃចន្ទនេះ ហើយទីក្រុងជីស៉ីណូបានបន្ថែមថា ខ្លួនកំពុងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ដើម្បីឱ្យផ្តល់ការបកស្រាយជុំវិញទង្វើនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសម៉ុលដាវី លោក នីគូ ប៉ូប៉េស្គូ (Nicu Popescu) បាននិយាយដូច្នេះថា «មីស៉ីលគ្រូសចំនួន៣គ្រាប់ ដែលបាញ់លើ​អ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទនេះ ចេញពីនាវាចម្បាំងរុស្ស៉ីនៅសមុទ្រខ្មៅ គឺបានហោះឆ្លងកាត់ដែនអាកាសរបស់ម៉ុលដាវី។ ខ្ញុំបាន​បង្គាប់ឱ្យកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៉ី ដើម្បីចូលខ្លួនផ្តល់ការបកស្រាយជុំវិញករណីនេះ»។

គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ រដ្ឋធានីកៀវព្រមទាំងទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារ​ដោយមីស៉ីលយ៉ាងសម្បើមពីសំណាក់កងកម្លាំងរុស្ស៉ី។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខប្រកាសថា ការបាញ់ស្រោចមីស៉ីលនេះ គឺជាការសងសឹកចំពោះទង្វើបំផ្ទុះស្ពានគ្រីមៀ ដែលលោកចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ ហើយហៅវាថាជាអំពើភេរវកម្ម។ លោក ពូទីន បានព្រមានថា បើការវាយប្រហារលើរុស្ស៉ីតែបន្ត នោះការឆ្លើយតបវិញនឹង​កាន់តែធ្ងន់ថែមទៀត៕