(ប៉េកាំង)៖ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន កាលពីរសៀលថ្ងៃទី៩ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំមកនេះ សេដ្ឋកិច្ចចិនមានកំណើនជាមធ្យម ៦.៦% ដែលជាប់ស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក ដែលខ្ពស់ជាងល្បឿនកំណើនជាមធ្យម របស់ពិភពលោកក្នុងរយៈពេលដូចគ្នាចំនួន២.៦% និងខ្ពស់ជាង ល្បឿនកំណើនជាមធ្យមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣.៧%។

អត្រារួមចំណែកជាមធ្យមរបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បានឈានដល់ ៣៨.៦% ច្រើនជាងចំនួនសរុបនៃអត្រារួមចំណែក របស់ប្រទេស G7។ កាលពីឆ្នាំ២០២១ GDP របស់ប្រទេសចិនត្រូវជា ១៨.៥% នៃបរិមាណសរុបនៃសេដ្ឋកិច្ចពិភពលោក ដែលកើនឡើង ៧.២%បើប្រៀបធៀបនឹងរយៈពេល ១0 ឆ្នាំមុន។ កាលពីឆ្នាំ២០២១ ទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានចំនួន ៦.៩ទ្រីលានដុល្លារអាមេរិក ដែលកើនឡើង ៥៦.៨% បើប្រៀបធៀបនឹងរយៈពេល១០ឆ្នាំមុន។ ប្រទេសចិនគឺជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងជាប្រទេសពាណិជ្ជកម្មធំបំផុត របស់ពិភពលោក។

លោកស្រី Mao Ning បានថ្លែងទៀតថា ស្ថានភាពទូទៅនៃសេដ្ឋកិច្ចចិន ដែលមាននិន្នាការល្អរយៈពេលយូរ នឹងមិនផ្លាស់ប្តូរទេ ហើយទ្វារបើកចំហរបស់ចិនក៏នឹងមិនបិទឡើយ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ នូវគោលការណ៍នៃការបើកចំហ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ដើម្បីពង្រីកការបើកចំហ ក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន