(កៀវ)៖ ក្រុមមន្រ្តីប្រចាំតាមតំបន់របស់អ៊ុយក្រែន បានឱ្យដឹងថា បញ្ហាដាច់ចរន្តអគ្គិសនីត្រូវបានរាយការណ៍ នៅក្នុងតំបន់មួយចំនួន ទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ីបានបាញ់ស្រោចមីស៉ីលរាប់សិបគ្រាប់ កាលពីព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

ក្នុងតំបន់ភាគខាងកើត បណ្តាញអគ្គិសនីត្រូវរាយការណ៍ថា បានដាច់នៅទីក្រុងខាងកៀវ ព្រមទាំងតំបន់ដទៃទៀតជុំវិញនោះ ខណៈតំបន់នៅភាគឦសាន ដូចជាតំបន់ស៊ូមី (Sumy) ព្រមទាំងតំបន់ហ្ស៉ីតូមៀរ (Zhytomyr) នៅភាគខាងជើង ហើយនិងតំបន់ឃ្មែលនីតស្គី (Khmelnitskyi) នៅភាគខាងលិច ក៏បាននិងកំពុងជួបបញ្ហាថាមពលអគ្គិសនីដូចគ្នាដែរ។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់យោធាអ៊ុយក្រែន រុស្ស៉ីបានបាញ់មីស៉ីលសរុបយ៉ាងហោច៧៥គ្រាប់ មកលើទឹកដីរបស់​អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា វាមានគោលដៅមកលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល​របស់អ៊ុយក្រែន។ បើតាមនាយករដ្ឋមន្រ្តីអ៊ុយក្រែនវិញ គឺទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន១១ នៅក្នុងតំបន់ចំនួន៨ ហើយនិង​នៅរដ្ឋធានីកៀវ បានរងការខូចខាត ក្នុងការវាយប្រហាររបស់រុស្ស៉ី នាថ្ងៃចន្ទនេះ៕