(ប៉េកាំង)៖ នៅក្នុងស្រុក Dalat ទីក្រុង Ordos ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ស្ថានីយអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យលើវាលខ្សាច់ដ៏ធំបំផុតនៅទូទាំងពិភពលោក មានទីតាំងស្ថិតនៅលើវាលខ្សាច់ Kubuqi ដែលជាវាលខ្សាច់ធំទី ៧ របស់ប្រទេសចិន។ បច្ចុប្បន្ននេះ ថាមពលបៃតងបាននិងកំពុងជំនួសធ្យូងថ្ម ដែលប្រទេសចិនបានពឹងផ្អែកជាបន្តិចម្តងៗ។ ថាមពលស្អាតត្រូវជា ៦០ភាគរយ នៃកំណើនប្រើប្រាស់ថាមពលរបស់ប្រទេសចិន ហើយជំហានអភិវឌ្ឍន៍បែបបៃតង នឹងមិនបញ្ឈប់នោះទេ។

បន្ទះសូឡាថាមពលពន្លឺព្រះអាទិត្យទាំងនេះ ប្រៀបដូចជាផ្កាឈូករ័ត្ន ដែលអាចស្វែងរកដានជើងរបស់ពន្លឺព្រះអាទិត្យ ហើយផ្លាស់ទីជាមួយចលនានៃព្រះអាទិត្យ។ រយៈពេលពន្លឺថ្ងៃគិតជាមធ្យមក្នុងមួយឆ្នាំ នៅវាលខ្សាច់ Kubuqi បានលើសពី ៣០០០ ម៉ោង ដែលត្រូវជា ២ដងនៃរយៈពេលពន្លឺថ្ងៃនៅទីក្រុងតាមឆ្នេរសមុទ្រប្រទេសចិន ហើយត្រូវជាជាង ៣ដងនៃរយៈពេលពន្លឺថ្ងៃ នៅតំបន់ភាគនិរតីនៃប្រទេសចិន។ ខណៈពេលដែលពន្លឺព្រះអាទិត្យចែងតាំងលើបន្ទះសូឡា ថាមពលត្រូវបានស្រូបយក ដោយបន្ទះសូឡា ហើយក៏បានបង្កើតជាថាមពលអគ្គិសនីក្នុងពេលដំណាលគ្នា។ ថាមពលអគ្គិសនីដែលត្រូវបានផលិតនៅទីនេះ ត្រូវបញ្ជូនទៅដល់បណ្តាញជាតិបញ្ជូនតង់ស្យុងអគ្គិសនីខ្ពស់ ហើយបាននិងកំពុងបំភ្លឺប្រទេសចិនទាំងមូល ក្នុងនោះបូករួមទាំងរដ្ឋធានីក្រុងប៉េកាំង ដែលមានចម្ងាយ ៦៥០ គីឡូម៉ែត្រ។

ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ Dalat ចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ។ នាពេលបច្ចុប្បន្ននេះ បន្ទះសូឡានៃប្រព័ន្ធ PV ជាង ៣លានបន្ទះត្រូវបានដំឡើងរួចរាល់ នៅពេលអនាគត វានឹងផលិតថាមពលអគ្គិសនី ៤ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលអាចបំពេញតាមតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី របស់គ្រួសារចំនួន ២ លានគ្រួសារយ៉ាងងាយស្រួល។ បច្ចុប្បន្ន ប្រទេសចិនមានទ្រង់ទ្រាយធំបំផុត ក្នុងការផលិតថាមពលអគ្គិសនីដើរដោយ ថាមពលប្រព័ន្ធ PV នៅលើពិភពលោក ហើយក៏ជាប្រទេសដែលផលិតថាមពលប្រព័ន្ធ PV ដ៏ធំបំផុតនៅទូទាំងពិភពលោកផងដែរ។

នាពេលបច្ចុប្បន្ននេះ ថាមពលស្អាតត្រូវជា ៦០ភាគរយ នៃកំណើនប្រើប្រាស់ថាមពលរបស់ប្រទេសចិន។ ការកែប្រែរចនាសម្ព័ន្ធនៃការប្រើប្រាស់ថាមពល គឺដើម្បីសម្រេចបាននូវពាក្យសន្យារបស់ប្រទេសចិន ស្តីពីការឈានដល់ការកាត់បន្ថយការបញ្ចេញកាបូន ពេលឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ ២០៦០។ នេះគឺជាការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍បៃតងនិងកាបូនទាប ។

ខណៈពេលចូលរួមការជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ មេដឹកនាំកំពូលចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ទៅកាន់ពិភពលោកតាមប្រព័ន្ធវីដេអូថា «ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ការកាត់បន្ថយការបញ្ចេញកាបូន ពេលឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ ២០៦០ នេះគឺត្រូវធ្វើការព្យាយាមស៊ូយ៉ាងលំបាក ប៉ុន្តែយើងនឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ ប្រទេសចិននឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍថាមពលបៃតង និងកាបូនទាបនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងលែងសាងសង់គម្រោងអគិ្គសនី ដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ»

ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិនិងអ្នកជំនាញខាងវិស័យសំចៃថាមពល និងកាត់បន្ថយការបញ្ចេញកាបូនមួយចំនួនសម្គាល់ឃើញថា សេចក្តីសម្រេចចិត្តរបស់ចិនមួយនេះមានសារៈសំខាន់ណាស់ ចំពោះថាមពលអគិ្គសនីដើរដោយធ្យូងថ្មនៅទូទាំងពិភពលោក។

លោក Dr.Kevin Gallagher ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍សកល នៃសាកលវិទ្យាល័យ Boston អាមេរិកបានថែ្លងថា ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងបង្អស់ ដែលបានសន្យាដូចពោលខាងលើ ប្រការនេះ «គួរឱ្យកោតសរសើរណាស់»។ ចំណែកឯស្ថានីយទូរទស្សន៍ Al Jazeera បានពិពណ៌នាប្រទេសចិនថាជា «អ្នកផ្លាស់ប្តូរក្បួនច្បាប់ហ្គេម» នៃឧស្សាហកម្មអគិ្គសនីដើរដោយធ្យូងថ្មជាសកល ។

យោងតាមទិន្នន័យដែលប្រកាសដោយ អង្គការស្ទង់ពិនិត្យថាមពលសកលរបស់អាមេរិក បានបង្ហាញថា ពាក្យសន្យារបស់ចិនស្តីពីការឈប់សាងសង់ គម្រោងអគិ្គសនីដើរដោយធ្យូងថ្មនៅបរទេស មានន័យថា ការវិនិយោគចំនួន ៥ ម៉ឺនលានដុល្លារអាមេរិកបានរសាយសាបសូន្យ ដែលក្នុងមួយឆ្នាំអាចការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិចចំនួន ២០០ លានតោន។

សូមបញ្ជាក់ថា ក្នុងនាមជាអ្នកជំរុញនិងជាអ្នកអនុវត្តជាក់ស្តែងនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រទេសចិនបាននិងកំពុងចាត់ប្រតិបតិ្តការយ៉ាងសកម្ម ជាប់រហូតដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាសកល។ ក្នុងកិច្ចប្រជុំកំពូលអំពីអាកាសធាតុឆ្នាំ២០២០ មេដឹកនាំកំពូលចិនបានប្រកាសថា ដល់ឆ្នាំ២០៣០ ការបញ្ចេញឧស្ម័នកាបូនិចគិតជាឯកតា នៃផលិតផលក្នុងស្រុកសរុបរបស់ចិននឹងថយចុះលើសពី ៦៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ថាមពលមិនមែនហ្វុស្សីលមានអនុបាត ២៥ ភាគរយ នៃការប្រើប្រាស់ថាមពលមួយលើក ចំណែកចំនួនរក្សាទុកព្រៃឈើនឹងកើនឡើង ៦ ពាន់លានម៉ែត្រគូបបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ក៏ដូចជាចំណុះសរុបនៃការផ្សាយអគ្គិសនីដើរដោយថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យនឹងឡើងដល់ជាង ១ ពាន់ ២ រយលានគីឡូវ៉ាត់ ។

វិធានការថ្មីមួយចំនួនទាំងនេះបានបង្ហាញយ៉ាងច្បាស់ ទៅកាន់សហគមន៍អន្តរជាតិថា ពាក្យសន្យារបស់ចិនស្តីពីការរួមចំណែក ដោយម្ចាស់ការដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនមែននិយាយបានតែមាត់នោះទេ តែគឺមានផែនការអនុវត្តយ៉ាងច្បាស់លាស់។ តាមពិតទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបៃតងបានក្លាយជាទស្សនៈគន្លឹះមួយ ដែលបានណែនាំការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិន ហើយក៏ជាទីបង្អែកដែលប្រទេសចិនហ៊ានសន្យាយ៉ាងម៉ឺងម៉ាត់ ទៅកាន់មជ្ឈដ្ឋានខាងក្រៅផងដែរ។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក ការអភិវឌ្ឍថាមពលរបស់ចិនបានឈានចូលយុគសម័យថ្មី។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី ការសម្របសម្រួលបៃតង ភាពបើកទូលាយនិងភាពចែករំលែក បានជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកែទម្រង់វិធីប្រើប្រាស់ថាមពល បានបង្កើតជាប្រព័ន្ធផ្គត់ផ្គង់ថាមពលស្អាតដ៏សម្បូរបែប ក៏ដូចជាបន្តជំរុញកំណែទម្រង់នៃប្រព័ន្ធថាមពល ឱ្យមានភាពកាន់តែស៊ីជម្រៅ និងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យថាមពល ពោលគឺ ថាមពលចិនបានឈានចូលក្នុងដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

យោងតាមទិន្នន័យដែលចេញផ្សាយដោយ រដ្ឋបាលជាតិថាមពលប្រទេសចិន កាលពីខែកក្កដា ឆ្នាំនេះបានបង្ហាញថា ចាប់ពីឆ្នាំ ២០១៤ មក ការចំណាយថាមពលគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបបានថយចុះ ២០ភាគរយ ហើយបានផ្តល់ការទ្រទ្រង់ដ៏សំខាន់ ដល់កំណើនសេដ្ឋកិច្ចជាតិចំនួន ៦,២ភាគរយតាមរយៈកំណើនប្រើប្រាស់ កំណើនចំណាយប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ២,៩ ភាគរយ។ រចនាសម្ព័ន្ធនៃការប្រើប្រាស់ថាមពល ត្រូវបានកែលម្អយ៉ាងលេចធ្លោ។

អនុបាតនៃការប្រើប្រាស់ធ្យូងថ្មបានធ្លាក់ចុះពី ៦៥,៨ ភាគរយកាលពីឆ្នាំ ២០១៤ មកនៅត្រឹម ៥៦ ភាគរយកាលពីឆ្នាំ ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំបានធ្លាក់ចុះ ១,៤ ភាគរយដែលជាដំណាក់កាលធ្លាក់ចុះ ល្បឿនបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែកឯអនុបាតនៃការប្រើប្រាស់ថាមពលស្អាត បានកើនឡើងពី ១៦,៩ ភាគរយដល់ ២៥,៥ភាគរយក្នុងរយៈពេលដូចគ្នា ដែលត្រូវជាលើសពី ៦០ ភាគរយនៃកំណើនប្រើប្រាស់ថាមពលរបស់ប្រទេសចិន។

វាច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏មហិមា ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានគ្រោង «ផែនទីផ្លូវ» យ៉ាងច្បាស់លាស់។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិច ក៏បានប្រកាសពីគោលដៅកាត់បន្ថយ ការបញ្ចេញកាបូនរៀងៗខ្លួនផងដែរ។ ពាក្យសន្យាស្រដៀងគ្នាទាំងនេះ មានលក្ខណៈយ៉ាងសកម្ម ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងទៀត គឺត្រូវមានការអនុវត្តជាក់ស្តែង។

គួររំលឹកថា យោងតាម «កិច្ចព្រមព្រៀងក្រុងប៉ារីស» ដែលបានឈានដល់កាលពីឆ្នាំ២០១៥ បណ្តាប្រទេសនានាបានកំណត់ថា ត្រូវរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទីក្នុងក្របខណ្ឌ ១,៥ អង្សាសេ។ យ៉ាងណាមិញ យោងតាមរបាយការណ៍ ដែលគណៈកម្មាធិការពិសេសអន្តររដ្ឋាភិបាល ស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ ចេញផ្សាយបានឱ្យដឹងថា វៀរលែងតែបណ្តាប្រទេសនានាអាចសម្រាចបាន នូវការកាត់បន្ថយការបញ្ចេញកាបូនចំនួនពាក់កណ្ដាល នៅមុនឆ្នាំ ២០៣០ បើពុំនោះសោត គោលដៅស្តីពីការរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទី ក្នុងក្របខណ្ឌ ១,៥ អង្សាសេនឹងមិនអាចសម្រេចនោះទេ។ ដោយសារការផលិតថាមពលអគ្គិសនី មានអនុបាតមួយភាគបួននៃការបញ្ចេញកាបូនជាសកល ដូច្នេះ អង្គការអាកាសធាតុជាច្រើនសុទ្ធតែរំពឹងទុកយ៉ាងខ្ពស់ចំពោះ គម្រោងអគ្គិសនីមិនមែនដើរដោយធ្យូងថ្ម។

ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនមែនជាថ្នូរនៃភូមិសាស្ត្រនយោបាយនោះទេ ហើយ «ពហុភាគីនិយមដែលមានលក្ខណៈជម្រើស» ក៏មិនមែនជាពហុភាគីនិយមដ៏ពិតប្រាកដនោះដែរ។ មេដឹកនាំកំពូលចិនធ្លាប់អំពាវនាវថា បណ្តាប្រទេសនានាចាំបាច់ត្រូវគាំពារប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល គោរពគោលដៅនិងគោលការណ៍របស់ «អនុសញ្ញាក្របខណ្ឌសី្តពីបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងក្រុងប៉ារីស»

ឯកសារទាំងនេះគួរតែក្លាយជាកម្មវត្ថុជាមូលដ្ឋាន ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ របស់ពិភពលោក ប្រទេសលោកខាងលិចមិនត្រូវគ្រោងកិច្ចព្រមព្រៀងផ្សេងទៀតនោះឡើយ។ ដោយសារគិតពិចារណាពីភាពខុសគ្នា នៃដំណាក់កាលអភិវឌ្ឍន៍ សមត្ថភាពសេដ្ឋកិច្ចនិងមធ្យោបាយបចេ្ចកទេសជាដើម ក្នុងនាមជាមូលដ្ឋានគ្រឹះ សម្រាប់អភិបាលកិច្ចអាកាសធាតុជាសកល គោលការណ៍ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នា ចាំបាច់ត្រូវពង្រឹងថែមមួយកម្រិតទៀត។

ពិភពលោកទាំងមូលអាចទទួលបាន ការបំផុសគំនិតពីសុន្ទរកថារបស់មេដឹកនាំកំពូលចិន ពោលគឺ៖ គួរតែចាប់ដៃ ធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់គោលការណ៍ជានិច្ច មិនត្រូវកែប្រែគោលការណ៍ តាមតែទំនើងចិត្ត ក៏ដូចជាគួរតែធ្វើតាមពាក្យសន្យារបស់ខ្លួន មិនត្រួវលះបង់ចោលពាក្យសន្យានោះទេ។ អាចប៉ាន់ប្រមាណថា ប្រទេសចិនដែលយកចិត្តទុកដាក់ដល់ ការគោរពពាក្យសន្យានឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញអភិបាលកិច្ចបម្រែបម្រួលអាកាសធាតុជាសកល ព្រមទាំងនឹងជួយបំផុសប្រទេសកាន់តែច្រើនឡើងៗ ឱ្យចាត់ប្រតិបត្តិការរួមដើម្បីបោះជំហានទៅរក គោលដៅស្តីពីការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត៕

វិទ្យុមិត្តភាពកម្ពុជាចិន