(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានអំពាវនាវមានការបន្ធូរបន្ថយភាពតានតឹង នៅអ៊ុយក្រែន ក្រោយរុស្ស៉ីបើកការវាយប្រហារដោយមីស៉ីលយ៉ាងខ្លាំងក្លា មកលើទីក្រុងកៀវ រួមទាំងទីក្រុងផ្សេងទៀត ដែលបានធ្វើឲ្យប្រជាជនរាប់ពាន់នាក់នៅទីក្រុងកៀវ នាំគ្នារត់ទៅជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីគេចចេញពីការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងដោយគូសបញ្ជាក់ថា «យើងសង្ឃឹមថាស្ថានការណ៍តានតឹងនៅអ៊ុយក្រែន នឹងថយចុះក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា យោធាអ៊ុយក្រែនអះអាងថា រុស្ស៉ីបាញ់មីស៉ីលប្រហែល៧៥គ្រាប់ ស្រោចលើទីក្រុងរបស់ខ្លួន កាលពីព្រឹកថ្ងៃចន្ទនេះ ហើយបើតាមសេចក្តីរាយការណ៍ចុងក្រោយ មានជនស៉ីវិលចំនួន៨នាក់ស្លាប់ និង២៤នាក់រងរបួស៕