(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មានមនុស្សស្លាប់និងរបួស ក្នុងការវាយប្រហារ​ដោយគ្រាប់មីស៉ីល នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នាថ្ងៃចន្ទនេះ ហើយលោកបានចោទថា រុស្ស៉ីកំពុងព្យាយាមបំផ្លាញប្រទេសរបស់លោក ឱ្យបាត់ចេញពីផែនដី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

តាមបណ្តាញសង្គមតេឡេក្រាម លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពួកគេកំពុងព្យាយាមបំផ្លាញយើង ហើយលុបប្រទេសរបស់យើងចេញពីផ្ទៃពិភពលោក....... ពួកគេបំផ្លាញប្រជាជនរបស់យើង ដែលកំពុងស្នាក់នៅក្នុងផ្ទះ ក្នុងតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ សម្លាប់មនុស្សដែលកំពុងបំពេញការងារ ក្នុងទីក្រុងកៀវ និងទីក្រុងឌីនីប្រូ។ ពេលនេះ សំលេងស៉ីរ៉ែនប្រកាសអាសន្នឲ្យប្រុងប្រយ័ត្ន ពីការវាយប្រហារតាមអាកាសនៅទូទាំងប្រទេស មិនទាន់បញ្ឈប់ទេ, ការបាញ់មីស៉ីលកំពុងធ្វើឡើង, ជាអកុសលមានអ្នកស្លាប់ និងរបួស»

គួរបញ្ជាក់ថា ការវាយប្រហារដ៏ខ្លាំងក្លានៅថ្ងៃចន្ទនេះ កើតមានឡើង បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះ ដែលបានបង្កការខូតខាចចំពោះស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់រវាងប្រទេសរុស្ស៉ីនិងតំបន់គ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ៕