(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនាថ្ងៃពុធនេះ បានឱ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលផ្លោងបាលីស្ទីគមួយគ្រាប់ ចេញពីឆ្នេរភាគខាងកើតប្រទេសរបស់ខ្លួន ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ការបាញ់តេស្តមីស៉ីលបាលីស្ទីគខាងលើនេះ កើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាជើងទឹកកូរ៉េខាងត្បូងនិងអាមេរិក បានចាប់ផ្តើមការធ្វើសមយុទ្ធរួមគ្នា នៅលើដែនទឹកក្បែរឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីវត្តមាន នៃនាវាផ្ទុកយន្តហោះចម្បាំង១គ្រឿង របស់សហរដ្ឋអាមេរិកថែមទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ទីក្រុងព្យុងយ៉ាង ក៏ទើបតែបានធ្វើបាញ់តេស្តមីស៉ីលបាលីស្ទីគ មួយគ្រាប់ ធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ នៅភាគខាងកើតប្រទេសរបស់ខ្លួនផងដែរ។ ដោយឡែក អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ក៏នឹងត្រូវមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ ក្រោយចាកចេញពីប្រទេសជប៉ុន៕