(រីយ៉ាដ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ដោយផ្អែកលើព្រះរាជក្រឹត្យរបស់ព្រះចៅ សាល់ម៉ាន់ បានរាយការណ៍ថា ព្រះអង្គម្ចាស់ស្នងរាជ្យ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ត្រូវបានតែងតាំងជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប់មួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ដែលមានព្រះនាមកាត់ហៅថា MBS បច្ចុប្បន្ន គឺជាប្រមុខដឹកនាំក្រៅផ្លូវការរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោក រួចស្រេចទៅហើយ ក៏ប៉ុន្តែការតែងតាំងខាងលើ គឺជាការផ្តល់ភាពផ្លូវការ ចំពោះតួនាទីរបស់ទ្រង់ ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រមួយនេះ។

គួរបញ្ជាក់ថា តាមរយៈការតែងតាំងព្រះអង្គម្ចាស់ MBS ជានាយករដ្ឋមន្រ្តីបែបនេះ មហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ដែលសព្វថ្ងៃនៅកាន់តួនាទីជាប្រមុខរដ្ឋ បាននិងកំពុងបន្តការផ្ទេរអំណាចដោយសន្សឹមៗ ឱ្យទៅព្រះបុត្រារបស់ទ្រង់។ កាលពីខែឧសភា ឆ្នាំនេះ ព្រះចៅ សាល់ម៉ាន់ ទើបតែបានយាងចូលសម្រាកនៅមន្ទីរពេទ្យ សម្រាប់ការពិនិត្យនិងតាមដានព្រះរាជសុខភាព។

សម្រាប់ព្រះអង្គម្ចាស់ MBS វ័យ ដែលបច្ចុប្បន្នមានព្រះជន្ម៣៧ព្រះវស្សា គឺបានទទួលបន្ទុកចាត់ចែងកិច្ចការងារសំខាន់ៗ របស់អារ៉ាប៊ីសាអូឌីត រួចជាស្រេច រួមមានទាំងវិស័យសេដ្ឋកិច្ច ការពារជាតិ ប្រេង និងសន្តិសុខជាតិជាដើម៕