(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ខ្លួនមន្ត្រីការទូតជប៉ុនម្នាក់ នៅក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ស្ថិតនៅភាគខាងកើតនៃប្រទេស ពីបទធ្វើចារកម្ម ហើយបានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរូបនេះចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី FSB បានគូសបញ្ជាក់ដូច្នេះថា «មន្ត្រីការទូតជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន នៅពេលកំពុងប្រព្រឹត្ត អំពើខុសច្បាប់ កំលុងទទួលព័ត៌មានសម្ងាត់ ជាថ្នូរនឹងការផ្ដល់ប្រាក់»។ FSB បានបន្ថែមទៀតថាព័ត៌មានសម្ងាត់ដែលមន្ត្រីការទូតជប៉ុន រូបនេះទទួលបាន នោះគឺមាន ជាប់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់រុស្ស៉ី ជាមួយបណ្ដាប្រទេសដទៃ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងព័ត៌មានមួយចំនួនស្ដីពីផលប៉ះពាល់នៃទណ្ឌកម្មរបស់ លោកខាងលិច លើតំបន់ព្រីម័សស្គី (Primorsky) នៃភាគខាងកើតប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន ក្រសួងការបរទេសរុស្ស៉ី បានទុកពេលឱ្យមន្ត្រីការទូតជប៉ុនខាងលើ ៤៨ម៉ោង ដើម្បីចាកចេញពីប្រទេសរុស្ស៉ី ហើយ FSB ក៏បានដាក់ កំណត់ទូតតវ៉ាទៅកាន់ជប៉ុនផងដែរ ជាមួយការកំណត់អត្តសញ្ញាណមន្ត្រីការទូតជប៉ុន ជា «អគ្គស្ថានកុងស៊ុល» ប្រចាំទីក្រុង វ្ល៉ាឌីវ៉ូស្ដុក ឈ្មោះ ម៉ូតូគិ តាតស៊ុណូរិ (Motoki Tatsunori)៕