(កៀវ)៖ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន នាថ្ងៃសៅរ៍នេះ បានផ្តល់ទិន្នន័យឱ្យដឹងថា កប៉ាល់សរុបចំនួន២១១គ្រឿង ដែលផ្ទុកផលិតផលកសិកម្មប្រមាណជា ៤.៧លានតោន បានចាកចេញពីប្រទេសអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលសម្រេចបាន តាមរយៈការសម្របសម្រួលពីសំណាក់ អង្គការសហប្រជាជាតិ និងប្រទេសតួកគី ដើម្បីកញ្ចប់ការបិទខ្ទប់កំពង់ផែរបស់អ៊ុយក្រែន ក្រោយការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានបន្តថា កប៉ាល់៨គ្រឿងទៀត ដែលផ្ទុកផលិតផលកសិកម្ម១៣១,៣០០តោន នឹងត្រូវចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ក្នុងថ្ងៃសៅរ៍នេះ។ ការនាំចេញធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះជាខ្លាំង បន្ទាប់ពីរុស្ស៉ីបានបើកការឈ្លានឈានលើ ប្រទេសជិតខាងខ្លួនមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបានបិទខ្ទប់កំពង់ផែនានា ដែលនៅជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន។ ប្រការនេះបានធ្វើឱ្យថ្លៃស្បៀងអាហារកើនឡើងជាសកល និងបង្កឱ្យមានក្តីបារម្ភអំពីការខ្វះខាតស្បៀង នៅតំបន់អាហ្រ្វិកនិងមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា មុនសង្រ្គាមផ្ទុះឡើង អ៊ុយក្រែនដែលជាអ្នកផលិត និងជាអ្នកនាំចេញធញ្ញជាតិដ៏សំខាន់មួយរបស់ពិភពលោក បានដឹកជញ្ជូនធញ្ញជាតិរហូតដល់ ៦លានតោនក្នុងមួយខែៗ ចេញទៅក្រៅប្រទេស។ កំពង់ផែអ៊ុយក្រែនចំនួន៣កន្លែង ស្ថិតនៅជាប់សមុទ្រខ្មៅ ត្រូវបានបើកវិញ នៅក្រោមកិច្ចព្រមព្រៀង ដែលត្រូវចុះហត្ថលេខា កាលពីថ្ងៃទី២២ ខែកក្កដា ដោយទីក្រុងមូស្គូនិងទីក្រុងកៀវ៕