(ព្រុចសែល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក ចេន ស្តូលថិនបឺហ្គ (Jens Stoltenberg) បានប្រកាសថា NATO នឹងបង្កើនការជួយជ្រោមជ្រែងរបស់ខ្លួន សម្រាប់ទីក្រុងកៀវ ដើម្បីឆ្លើយតបចំពោះអ្វីដែលលោកហៅថាជា «ការបោះឆ្នោតប្រជាមតិក្លែងក្លាយ» នៅតាមតំបន់របស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ការប្រកាសរបស់លោក ស្តូលថិនបឺហ្គ ធ្វើឡើងស្របពេលដែល តំបន់ចំនួន៤ នៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន កំពុងធ្វើប្រជាមតិ ដើម្បីក្លាយទៅជាផ្នែកនៃប្រទេសរុស្ស៉ី ក្នុងទង្វើដែលទីក្រុងកៀវនិងសម្ព័ន្ធមិត្តលោកខាងលិច ចាត់ទុកជាការបោកបញ្ឆោតរបស់ទីក្រុងមូស្គូ ដើម្បីកាត់យកទឹកដីរបស់អ៊ុយក្រែន ហើយធ្វើឱ្យសង្រ្គាមរយៈពេល៨ខែមកនេះ កាន់តែតានតឹងបន្ថែមទៀត។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN ស្តីពីការបោះឆ្នោតប្រជាមតិនៅតំបន់ លូហាន (Luhansk) និង ដូណេត (Donetsk) ដែលរួមគ្នាត្រូវគេស្គាល់ថា តំបន់ដុនបាស់ (Donbass) ព្រមទាំងតំបន់ឃើសុន (Kherson) និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia) លោកអគ្គលេខាធិការ NATO បានលើកឡើងយ៉ាងដូច្នេះថា «ចម្លើយរបស់យើង, របស់ NATO គឺបង្កើនការជ្រោមជ្រែងឱ្យកាន់តែខ្លាំង»

លោក ស្តូលថិនបឺហ្គ បានបន្ថែមទៀតថា «រុស្ស៉ីនឹងប្រើប្រាស់ការធ្វើប្រជាមតិក្លែងក្លាយនេះ ដើម្បីបង្កើនកម្តៅនៃសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ការបោះឆ្នោតទាំងនេះ គឺពុំមានភាពស្របច្បាប់នោះឡើយ ហើយប្រាកដណាស់ ពួកវានឹងមិនអាចផ្លាស់ប្តូរអ្វីបានទេ។ សង្រ្គាមសព្វថ្ងៃនឹងនៅតែជា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងមកលើអ៊ុយក្រែន»

គួរបញ្ជាក់ថា អំលុងរយៈពេលជាច្រើនខែមកនេះ ក្រោយសង្រ្គាមផ្ទុះឡើង ក្រុមប្រទេសជាសមាជិកអង្គការ NATO បានបន្តជួយអ៊ុយក្រែន តាមរយៈការផ្តល់សព្វាវុធ គ្រាប់រំសេវ និងបរិក្ខារយោធាដទៃទៀត រួមជាមួយការបណ្តុះបណ្តាល។ ការធ្វើប្រជាមតិខាងលើ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយនឹងបន្តដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ត្រូវគេសង្កេតឃើញថា រៀបចំឡើងយ៉ាងតក់ក្រហល់ បន្ទាប់ពីអ៊ុយក្រែនដណ្តើមបាន ដែនដីរាប់ពាន់គីឡូម៉ែត្រពីកងទ័ពរុស្ស៉ីវិញ ក្នុងប្រតិបត្តិការវាយបក នៅភាគឦសានប្រទេស៕