(តូក្យូ)៖ នាថ្ងៃសៅរ៍នេះ ព្យុះទីហ្វុងថ្មីមួយទៀតបានបោកបក់លើ តំបន់ភាគកណ្តាលនៃប្រទេសជប៉ុន ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ហើយបង្កជាគ្រោះរអិលបាក់ដី ដែលបានផ្តាច់ជីវិតមនុស្សម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានឱ្យដឹងថា ផ្នែកមួយចំនួននៃតំបន់ស្ថិតនៅភាគនិរតីរាជធានីតូក្យូ បានទទួលរងទឹកភ្លៀងក្នុងកម្រិតរហូតដល់ ២០០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។ រីឯកម្លាំងខ្យល់បោកបក់នៃព្យុះទីហ្វុង ដែលមានឈ្មោះថា តាឡាស់ (Talas) នេះ គឺមានល្បឿនចន្លោះ ៦៥-៩០គីឡូម៉ែត្រក្នុង១ម៉ោង។

ជាមួយគ្នានេះ ក្រុមហ៊ុនអគ្គិសនីនិងក្រុមហ៊ុនរថភ្លើង នៅតំបន់ភាគកណ្តាលប្រទេសជប៉ុន បានប្រាប់ថា ការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅកាន់លំនៅឋានរបស់ប្រជាជនប្រហែល ១២០,០០០គ្រួសារ ត្រូវបានកាត់ផ្តាច់ ហើយសេវាកម្មរថភ្លើងល្បឿនលឿនមួយចំនួន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។ ចំណែកជនរងគ្រោះម្នាក់ ដែលបានស្លាប់ដោយសារបំណាក់ដី គឺជាបុរសស្ថិតក្នុងវ័យខ្ទង់៤០ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ព្យុះទីហ្វុងឈ្មោះ ណានម៉ាដុល (Nanmadol) ទើបតែបានសម្លាប់មនុស្ស២នាក់ ហើយបង្កឱ្យមានការធ្លាក់ភ្លៀងខ្លាំងជោគជាំជាកំណត់ត្រា នៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុន៕