(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តលុបចោល ការរឹតបន្តឹងទាក់ទងនឹងកូវីដ-១៩ លើការចូលប្រទេសចាប់ពីថ្ងៃទី១១ ខែតុលាខាងមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kishida ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងញូវយ៉កថា ភ្ញៀវជាបុគ្គលនឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាប្រទេសជប៉ុនឡើងវិញ ហើយជប៉ុននឹងផ្តល់ការលើកលែងទិដ្ឋាការឡើងវិញ។ លោកបានបន្តថា ការដាក់កម្រិតចំនួនអ្នកធ្វើដំណើរដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក៏នឹងត្រូវបញ្ចប់ដែរ។

ការផ្លាស់ប្តូររបស់ប្រទេសជប៉ុនក្នុងការលុបចោលវិធានការរឹតបន្តឹងភាគច្រើនលើភ្ញៀវទេសចរបរទេសនេះកើតមានឡើងនៅពេលដែលរលកនៃការរាតត្បាតជំងឺកូវីដដ៏សាហាវបំផុតនៅក្នុងប្រទេសនេះបានស្រកចុះ។

វិធានការនេះក៏កើតមានស្របពេលគ្នាផងដែរជាមួយនឹងការធ្លាក់ចុះថ្លៃប្រាក់យ៉េនដល់កម្រិតទាបបំផុតរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលជិត ២៥ឆ្នាំ ដែលធ្វើឱ្យប្រទេសដែលសម្បូរដោយប្រជុំកោះនេះក្លាយជាគោលដៅទាក់ទាញភ្ញៀវមកពីបរទេស និងធ្វើឱ្យការចំណាយមិនថ្លៃ។

លោក Kishida បានបន្ថែមថា ការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរក្នុងស្រុកនឹងត្រូវបានដាក់ដំណើរការក្នុងពេលជាមួយគ្នានេះផងដែរ។ ដោយធ្លាប់មើលឃើញការកើនឡើងវិស័យទេសចរណ៍មុនពេលមានជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអ្នកលក់រាយទាំងអស់កំពុងព្យាយាមធ្វើឱ្យអាជីវកម្មរបស់ពួកគេវិលត្រលប់មកវិញ។

អាកប្បកិរិយាដ៏ប្រុងប្រយ័ត្នរបស់លោក Kishida ចំពោះការបើកទ្វារប្រទេសឡើងវិញបន្ទាប់ពីរលកដំបូងនៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យគាត់មានការសរសើរពីម្ចាស់ឆ្នោតដែលនៅតែភ័យខ្លាចចំពោះការឆ្លងជំងឺ ខណៈដែលអ្នកដឹកនាំនិងម្ចាស់អាជីវកម្មបានត្អូញត្អែរអំពីការខូចខាតដល់សេដ្ឋកិច្ច និងជំរុញឱ្យលោកបើកចំហប្រទេសឡើងវិញ។

មុនពេលមានវិបត្តិកូវីដ-១៩ ប្រទេសជប៉ុនបានអនុញ្ញាតឱ្យភ្ញៀវទេសចរមកពី ៦៨ប្រទេសនិងតំបន់រួមទាំងសហរដ្ឋអាមេរិកស្នាក់នៅរយៈពេល ៩០ថ្ងៃដោយគ្មានទិដ្ឋាការ។ ចំនួនភ្ញៀវទេសចរបានកើនឡើងដល់ជិត ៣២លាននាក់ក្នុងឆ្នាំ២០១៩ ដែលបានធ្លាក់ចុះមកដល់ប្រហែល ២៤៦ ០០០នាក់នាក់កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕