(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក Liz Truss បានប្រាប់មន្ត្រីអ៊ីស្រាអែលថា រដ្ឋាភិបាលរបស់លោកស្រីកំពុងថ្លឹងថ្លែង ការសម្រេចចិត្តផ្លាស់ប្តូរស្ថានទូតអង់គ្លេសពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

បញ្ហាក្រុងហ្សេរុយសាឡឹម ជាប្រភពនៃជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលភាគីទាំងពីរមើលឃើញថា ទីក្រុងនេះជារដ្ឋធានីរបស់ពួកគេ។ អ៊ីស្រាអែលបានកាន់កាប់ក្រុងហ្សេរុយសាឡឹមខាងកើតក្នុងឆ្នាំ១៩៦៧ ហើយបានបញ្ចូលវាដោយខុសច្បាប់ក្នុងឆ្នាំ១៩៨០។

ប្រទេសភាគច្រើនបានជ្រើសរើសយកទីតាំងស្ថានទូតរបស់ខ្លួនប្រចាំអ៊ីស្រាអែល នៅក្នុងទីក្រុង Tel Aviv រហូតដល់ដំណោះស្រាយរដ្ឋពីរត្រូវបានសម្រេច។

ប៉ុន្តែនៅឆ្នាំ២០១៧ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបំពានលើទំនៀមទំលាប់ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួន ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដែលធ្វើឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។ ចក្រភពអង់គ្លេសគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន១២៨ ដែលបានបោះឆ្នោតថ្កោលទោសទង្វើរបស់សហរដ្ឋអាមេរិក នៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ៕