(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា អតីតរដ្ឋមន្រ្តីយុត្តិធម៌ចិន លោក ហ្វូ ចេងហ័រ (Fu Zhenghua) ដែលធ្លាប់ដឹកនាំការស៉ើបអង្កេត ជុំវិញករណីពុករលួយធំៗជាច្រើន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត សម្រាប់ការទទួលសំណូក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ្វូ វ័យ៦៧ឆ្នាំ ត្រូវបានតុលាការនៅទីក្រុងចាងឈុន (Changchun) នៃខេត្តជីលីន (Jilin) សម្រេចផ្តន្ទាទោសប្រហារជីវិត ដែលនឹងត្រូវបន្ថយមកនៅត្រឹមជា ទោសជាប់ពន្ធនាគារមួយជីវិតវិញ ក្រោយរយៈពេល២ឆ្នាំ និងដោយពុំមានលទ្ធភាពនៃការអនុញ្ញាត ឱ្យនៅក្រៅឃុំនោះឡើយ។

លោក ហ្វូ ចេងហ័រ ធ្លាប់មានតួនាទីជា អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ មុនពេលក្លាយជារដ្ឋមន្រ្តីយុត្តិធម៌ កាលពីឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់បានដឹកនាំការស៉ើបអង្កេត និងការបង្រ្កាបអំពើពុករលួយធំៗជាច្រើនផងដែរ ក្នុងនោះរួមមានទាំងការស៉ើបអង្កេតមួយ កាលពីខ្ទង់១០ឆ្នាំមុន ទៅលើលោក ជូ យ៉ុងកាង (Zhou Yongkang) ដែលជាអតីតរដ្ឋមន្រ្តីសន្តិសុខ និងជាមន្រ្តីមានឥទ្ធិពលបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើបចិន ដែលត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ។ កាលពីខែកក្កដាកន្លងទៅ លោក ហ្វូ បានឆ្លើយសារភាពថា រូបលោកបានទទួលសំណូកលើសពី ១១៧លានយ័ន ដែលស្មើនឹង១៦.៥០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អតីតអគ្គស្នងការប៉ូលិសចំនួន៣រូប ប្រចាំទីក្រុងសៀងហៃ, ទីក្រុងចុងឈីង (Chongqing), និងខេត្តសានស៉ី (Shanxi) ក៏ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលខុសៗគ្នាផងដែរ ដោយក្នុងនោះមានម្នាក់ ត្រូវជាប់អស់មួយជីវិត ហើយសុទ្ធតែពាក់ព័ន្ធករណីពុករលួយ៕