(ហែលស៉ិនគី)៖ ឆ្មាំព្រំដែនហ្វាំងឡង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចរាចរណ៍មកដល់ព្រំដែនភាគខាងកើតប្រទេស ដែលនៅជាប់ជាមួយរុស្ស៉ីបានកើនឡើងជាខ្លាំង ប៉ុន្តែស្ថានការណ៍នេះអាចគ្រប់គ្រងបាន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ជនជាតិរុស្ស៉ីចំនួន ៤,៨២៤នាក់ បានមកដល់ហ្វាំងឡង់ តាមព្រំដែនភាគខាងកើតកាលពីថ្ងៃពុធ ពោលគឺមានការកើនឡើងជាង ១,០០០នាក់ ធៀបនឹងចំនួន៣,១៣៣នាក់ កាលពីមួយសប្តាហ៍មុន។ ប្រធានកិច្ចការអន្តរជាតិរបស់ឆ្មាំព្រំដែនហ្វាំងឡង់ លោក ម៉ាទី ភីតខានីតធី (Matti Pitkaniitty) បានប្រាប់ Reuters យ៉ាងដូច្នេះថា «ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស។ វាជាតួលេខមួយ ដែលគួរឲ្យកត់សម្គាល់ពីភាពមមាញឹកជាងធម្មតា»។ លោក ភីតខានីតធី បានបន្ថែមថា ពេលនេះស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ហើយឆ្មាំព្រំដែនបានត្រៀមរួចរាល់នៅឯប៉ុស្តិ៍ត្រួតពិនិត្យចំនួន៥។

ដោយឡែក រដ្ឋមន្រ្តីការពារជាតិហ្វាំងឡង់ លោក អាន់ធី ខាកខូនិន (Antti Kaikkonen) បានឲ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ហ្វាំងឡង់កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព នៃប្រទេសជិតខាងរបស់ខ្លួនបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យកេណ្ឌទ័ព។

គួរបញ្ជាក់ថា ក្រោយការប្រកាសកេណ្ឌទ័ពពីសំណាក់ប្រធានាធិបតីរុស្ស៉ី កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្កឲ្យមានភាពភ័យខ្លាចថា បុរសដែលពេញវ័យប្រយុទ្ធមួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេស ដែលនាំឲ្យជើងហោះហើរចាកចេញពីប្រទេសរុស្ស៉ី លក់សំបុត្រអស់យ៉ាងឆាប់រហ័ស៕